ក្រសួងអប់រំបើកកិច្ចប្រជុំលើកទី២ ស្តីពីការសម្រេចជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាប់ជាស្ថាពរនៃកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានគណៈកម្មការប្រតិបត្តិ នៃកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រទេសជប៉ុន (JDS) រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីការសម្រេចជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាប់ជាស្ថាពរសម្រាប់ JDS ជំនាន់ទី២៦ និងថ្នាក់បណ្ឌិតជំនាន់ទី៩ ទៅសិក្សានៅប្រទេសជប៉ុន។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក យ៉ាកូ យូហ្ស៊ីតូ សហប្រធានគណៈកម្មការប្រតិបត្តិនៃកម្មវិធី JDS និងជាតំណាងជាន់ខ្ពស់ JICA ប្រចាំនៅកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើលទ្ធផលអាហារូបករណ៍ JDS និងបានពិភាក្សាស៊ីជម្រៅលើលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យ អប់រំ ក៏ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ននានានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





