ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអនាគតនៃធុរកិច្ចថ្មី នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ -- នៅសាលមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៦ មានរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងអនាគត នៃធុរកិច្ចថ្មី នៅកម្ពុជា ក្រោមគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។

ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ ការពង្រីកវិសាលភាពនវានុវត្តន៍ សហគ្រិនភាព ការវិនិយោគ និងអនាគតនៃធុរកិច្ចថ្មីនៅកម្ពុជា។ ចំណុចគន្លឹះការអភិវឌ្ឍជំនាញសម្រាប់សហគ្រិន និងធុរកិច្ចថ្មី (Startups) របៀបរៀនសូត្រថ្មី ផ្ដោតលើការរៀនរយៈពេលខ្លី ជាម៉ូឌុល (Modular Learning) ដែលអាចយកទៅដោះស្រាយបញ្ហាអាជីវកម្មបានភ្លាមៗ។ ជំនាញចម្រុះ (Hybrid Skills) បញ្ចូលគ្នារវាង “ជំនាញបច្ចេកទេស” (ឌីជីថល, ហិរញ្ញវត្ថុ, ប្រតិបត្តិការ) និង “ផ្នត់គំនិតសហគ្រិន” (ភាពច្នៃប្រឌិត និងភាពធន់)។ ដំណាក់កាលអាទិភាព គឺ ពង្រឹងជំនាញបច្ចុប្បន្នក្នុងវិស័យអាទិភាព ស្របពេល រៀបចំកម្លាំងពលកម្មសម្រាប់យុគសម័យថ្មី លើវិស័យ AI, ទិន្នន័យ (Data) ប្រព័ន្ធស្វ័យប្រវត្តិ, សន្តិសុខសាយប័រ និងនវានុវត្តន៍។

តើ SDF កំពុងធ្វើអ្វីខ្លះ?
មូលនិធិអភិវឌ្ឍន៍ជំនាញ SDF កំពុងជំរុញប្រព័ន្ធអេកូឡូស៊ី តាមរយៈយុទ្ធសាស្ត្រ "រួមគ្នា ៣" ទី១ រួមគ្នាឌីហ្សាញ (Co-Design) ទី២ រួមគ្នាអនុវត្ត (Co-Deliver) និងទី៣ រួមគ្នាវិនិយោគ (Co-Invest) រួមគ្នាជាមួយ SDF វិនិយោគលើ "ជំនាញ" ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិត ឱ្យទៅជាអាជីវកម្មដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

តើកម្ពុជាត្រូវការអ្វីខ្លះ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍ឱ្យកាន់តែរីកចម្រើន?
ចម្លើយគឺ ដើម្បីសម្រេចកិច្ចការនេះ យើងត្រូវការ ការរួមបញ្ចូលគ្នានៃកត្តាសំខាន់ៗចំនួន ៣ គឺ បច្ចេកវិទ្យា ដើមទុន និងជាពិសេសនោះគឺ ធនធានមនុស្ស ដែលមានចំណេះជំនាញច្បាស់លាស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រែក្លាយ “គំនិត” ឱ្យទៅជាផលិតផល ឬសេវាកម្មនវានុវត្តន៍ ដែលអាចដោះស្រាយបញ្ហាសង្គម និងឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង៕
ដោយ៖ណយ នឿន (ប្រភព៖មូលនិធិអភិវឌ្ឍន៍ជំនាញ)





