អាជ្ញាធរខេត្តកំពង់ឆ្នាំង ជម្រុញឱ្យប្រជាពលរដ្ឋសិក្សាស៊ីជម្រៅលើស្លាកសញ្ញាចរាចរណ៍
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាងសង់សួនសុវត្ថិភាពចរាចរណ៍ ស្ថិតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៦ រួមដំណើរដោយលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងនិងក្រុមការងារ បានចុះពិនិត្យការរៀបចំទីតាំងប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធី
សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បាមានប្រសាសន៍ថា សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសិប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬ ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ គឺមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា សួនសុវត្ថិភាពចរាចរណ៍គឺបង្ហាញដល់សាធារណៈជនឱ្យចូលគឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត។ ម្យ៉ាងទៀតបានបង្ហាញការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលនិងជួយដល់ការថែរក្សាបរិស្ថានដែលនិងជួយដល់ធនធានធម្មជាតិលើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យនិងកាត់បន្ថយការបំពុលបរិស្ថាន ដែលរួមមានសារធាតុប្រកបដោយគ្រោះថ្នាក់។

ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានយកចិត្តទុកដាក់នឹងបន្តលើកកម្ពស់ធ្វើការផ្សព្វផ្សាយការយល់ដឹងស្តីពី ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បី ការពារអាយុជីវិតខ្លួនឯង និង ជីវិតអ្នកដទៃ។ គឺដើម្បីបញ្ជាក់ជូនដល់អ្នកធ្វើដំណើរ ទាំងអស់ ដែលប្រើប្រាស់នូវមធ្យោ បាយ ម៉ូតូឱ្យមានការចូលរួមកាន់តែច្រើនបន្ថែមទៀត ជាមួយយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍និងពាក់មួកសុវត្ថិភាព ដែលថ្នាក់ជាតិបានខិតខំធ្វើយ៉ាងណា ក្នុងការចូលរួមកាត់បន្ថយការគ្រោះថ្នាក់ផ្សេងៗ ដោយការធ្វើដំណើរតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។

ថ្លែងក្នុងបរិបទនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តចូលរួមដាំដើមឈើររៀបចំកែលំអរសួនច្បារនៅរមណីយដ្ឋាននានា សួនច្បារ រួមទាំងការដាំ ដើមឈើរ ដាំផ្កាលម្អសួន ការរៀបការ៉ូឡា ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមសួនច្បារឱ្យបានកាន់ តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន ក៏ដូចជាសម្រស់ បៃតងក្នុងខេត្តបន្ថែមទៀត។ ការដាំដើមឈើនឹងបានបង្កើតជាម្លប់បៃតង ដូច្នេះអាជ្ញាធរដែនដីត្រូវធ្វើការផ្សព្វផ្សាយអំពីព្រៃឈើបណ្ដុះបណ្ដាល អភិរក្សព្រៃឈើ និងត្រូវមានផែនការអប់រំដល់សិស្សានុសិស្សនៅតាមសាលារៀន និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយនិងចំគោលដៅ៕
ដោយ៖ បៃស៊ីថុន





