អាជ្ញាធរខេត្តប៉ៃលិនបង្ក្រាបទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធករណី Online Scams
AKP ប៉ៃលិន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦--
ទីតាំងមួយកន្លែង ដែលសង្ស័យថាទើបតែលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយពីទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនត្រូវបានអាជ្ញាធរខេត្តដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះបង្ក្រាបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនបរទេសមួយចំនួន។

ការចុះបង្ក្រាបករណីនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយបច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់។

បើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ទីតាំងសរុបចំនួន ២៣៦កន្លែង ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋានចំនួន ១៤៥កន្លែង ហើយបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះតុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





