រដ្ឋមន្ត្រីសុខាភិបាល៖ យើងត្រូវសហការគ្នា ចែករំលែកបទពិសោធន៍ ចំណេះដឹង និងសម្របខ្លួនទៅគ្រប់បរិបទដើរឆ្ពោះទៅមុខជាមួយគ្នា ដើម្បីជំរុញការរីកចម្រើន និងការបម្រើប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦--
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងការងារ ដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យបានលើកទឹកដល់មន្រ្តីសុខាភិបាលទាំងអស់ដោយ ត្រូវរួបរួមគ្នាអនុវត្តឱ្យបានល្អ ដើម្បីទិសដៅការរីកចម្រើនទៅមុខ, ដកស្រង់នូវផ្នត់គំនិតល្អៗពីការងារកន្លងមក និងពីដៃគូសហការ ដើម្បីជាប្រយោជន៍ក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានចែករំលែកដល់សហភាតរៈ នូវគន្លឹះនៃភាពជោគជ័យអាស្រ័យលើកត្តាមួយចំនួនដូចជា៖ គិតគ្រប់ជ្រុងជ្រោយ, អនុវត្តឱ្យបានលឿន, លទ្ធផលដោយមានការវាស់វែង និងការប្រៀបធៀប និងកែលម្អ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ចការងារ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





