អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យស្ថាប័នរដ្ឋ វត្តអារាម និងសាលារៀនតាមដងស្ទឹង ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យមកនៅកម្រិតទាបបំផុត
AKP ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦--ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានជំរុញដល់គ្រប់ស្ថាប័នសាធារណៈ វត្តអារាម និងគ្រឹះស្ថានសិក្សានានា ត្រូវរួមគ្នាអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យមកនៅកម្រិតទាបបំផុត ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងកិច្ចគាំពារបរិស្ថាន ជាពិសេសនៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ជួយទាក់ទាញភ្ញៀវទេសចរ និងបង្កើតចំណូលដល់សហគមន៍។

លោក យុន លីនណេ មានប្រសាសន៍ថា សម្រាប់សិក្ខាសាលានាពេលនេះដែរ គឺដើម្បីបង្ហាញនូវសារៈសំខាន់នៃការចូលរួមពីយើងទាំងអស់គ្នាដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់ធនធានធម្មជាតិក្នុងប្រទេសរបស់យើង និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីមាតុភូមិយើងស្អាត និងបៃតងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ ប្លាស្ទិកដែលយើងបោះចោលមិនរលាយបាត់ទៅណាឡើយ វានឹងបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកតូចៗ ដែលមើលមិនឃើញ ហើយមីក្រូប្លាស្ទិកជ្រាបចូលក្នុងដី និងប្រភពទឹក បន្ទាប់មកវាចូលទៅក្នុងខ្លួនសត្វត្រី និងដំណាំ ដែលយើងទទួលទានចូលមកវិញ។ ក្នុងនោះការប្រើប្រាស់ប្លាស្ទិកខុសបច្ចេកទេស ឬការដុតសំរាមប្លាស្ទិក បង្កើតជាសារធាតុពុលដែលបង្កជាជំងឺមហារីក ជំងឺផ្លូវដង្ហើម និងប៉ះពាល់ដល់ការលូតលាស់របស់កុមារ។

លោកអភិបាលរងខេត្ត បានបង្ហាញថា នៅតាមសាលារៀន គ្រឹះស្ថានសិក្សា សូមឱ្យលោកគ្រូអ្នកគ្រូ បណ្ដុះទម្លាប់ដល់សិស្សានុសិស្សឱ្យចេះប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន និងកាត់បន្ថយការទិញអាហារដែលច្រកថង់ប្លាស្ទិក ហើយត្រូវនិយាយថាទេចំពោះប្លាស្ទិក ចំពោះការកាត់បន្ថយប្លាស្ទិកគឺដើម្បីសុខភាពយើង និងភពផែនដីយើង ហើយផ្លាស់ប្ដូរទម្លាប់ពីការប្រើប្លាស្ទិក មកប្រើរបស់ដែលអាចប្រើឡើងវិញបាន មិនបោះចោលសំរាម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានជាអតិបរមា ដើម្បីឈានទៅរកកម្ពុជាស្អាត និងខៀវស្រងាត់។

លោកក៏សូមលើកទឹកចិត្តឱ្យគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំសង្កាត់ អង្គការជាតិអន្តរជាតិ វិស័យឯកជន លោកគ្រូអ្នកគ្រូ យុវជនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តការធ្វើអនាម័យបរិស្ថានជាប្រចាំនៅតាមភូមិឋាន អាជីវកម្មដ្ឋាន សាលារៀន វត្តអារាម ទីផ្សារ និងតាមទីសាធារណៈ ដោយគិតថា “សៀមរាបផ្ទះខ្ញុំ” និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ការកាត់បន្ថយប្លាស្ទិក គឺបង្ហាញពីការរីកចម្រើននៃចំណេះដឹង និងសីលធម៌រស់នៅប្រកបដោយភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពក្រុង ព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់សំដៅធានាសុវត្ថិភាពបរិយាកាស ក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ក្នុងន័យឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែវិស័យបរិស្ថាន មិនអាចធ្វើតែឯងបាននោះទេ ដែលបញ្ហានេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យថែរក្សា អនាម័យបរិស្ថាន សោភ័ណភាពខេត្ត ដើម្បីលើកម្ពស់មុខមាត់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវ និងជំរុញដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ជួយផ្ដល់យោបល់ រួមទាំងផ្ដល់បទពិសោធន៍ល្អៗ ដើម្បីស្ថាបនាកែលម្អ និងរកដំណោះស្រាយរួមគ្នា ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ក្នុងខេត្តសៀមរាប ឱ្យទទួលបានជោគជ័យបន្ថែមទៀត ទាំងប្រសិទ្ធភាព ចីរភាព គឺកើតចេញពីកិច្ចសហការជាមួយមន្ទីរអង្គភាព គ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ជាពិសេសគ្រប់ភាគីទាំងអស់ និងប្រជាពលរដ្ឋផងដែរ៕
ដោយ ឃុត សៅ





