សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្សចំនួន ៩នាក់
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ សង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង, ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។

ក្នុងការចុះត្រួតពិនិត្យជុំទី៣ នៅកាស៊ីណូ ជីន យូ មេន តាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធ នឹងការធ្វើ សកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តព្រះស៊ីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យ សរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃ ការអនុវត្តអនុក្រឹត្យលេខ ០៣។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង ក្នុងនោះ មានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែ ចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តន៍នីតិវិធី ផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕
ដោយ៖ រិទ្ធី, ប្រភព៖ (គ.ប.ឆ.ប.)





