ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ជំរុញឱ្យនគរបាលខេត្តបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខព្រំដែន និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦-- ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពង្រឹងកិច្ចការងារសន្តិសុខតាមព្រំដែន និងចុះត្រួតពិនិត្យទិសដៅអនុវត្តការងារជំនាញក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ (តំណាងលោកស្នងការខេត្ត) រួមជាមួយលោក-លោកស្រីស្នងការរង នាយការិយាល័យ និងអធិការក្រុង-ស្រុកទូទាំងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានដាក់ចេញនូវវិធានការណ៍ក្តៅ និងការណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទាំងអស់ លើការងារសំខាន់ៗ ការពង្រឹងសន្តិសុខព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន បង្ការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរក្សាស្ថិរភាពតាមតំបន់ជាប់ព្រំដែន។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនជំរុញការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យដល់ឫសគល់ ដើម្បីលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បន្តតាមដាន និងបង្ក្រាបរាល់ទម្រង់នៃការជួញដូរមនុស្ស និងការរំលោភបំពាននានា ដែលជាបញ្ហាអាទិភាព។បទល្មើសសេដ្ឋកិច្ចទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ឬទំនិញគេចពន្ធ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសុខភាពសាធារណៈ។
ឯកឧត្តម អគ្គស្នងការរង បានសង្កត់ធ្ងន់ថា ខេត្តបន្ទាយមានជ័យគឺជាភូមិសាស្ត្រដែលជាប់ព្រំដែន ដូច្នេះតម្រូវឱ្យកងកម្លាំងនគរបាលទាំងអស់ត្រូវតែមានភាពវៃឆ្លាត ហ្មត់ចត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ និងសហការគ្នាឱ្យបានស្អិតរមួតជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នាពេលកន្លងមក និងបានជំរុញឱ្យបន្តវប្បធម៌ការងារនេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





