ក្រសួងអប់រំបើកដំណើរការថ្នាក់អក្ខរកម្មតាមរោងចក្រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦-- ថ្នាក់អក្ខរកម្មតាមរោងចក្របានបើកឱ្យដំណើរការនៅរោងចក្រ Olive Apparel នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន តំណាងអង្គការ UNESCO, ILO BF, CGTI និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការអភិវឌ្ឍមូលធនមនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍជាតិតាមរយៈការអភិវឌ្ឍវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកទេស និងបណ្ដុះ
បណ្តាលមុខជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងការបង្កើនឱកាសទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងបានសហការជាមួយអង្គការយូណេស្កូ អង្គការ ILO (BFC), CGTI ផ្សព្វផ្សាយ និងបញ្ជ្រាបកម្មវិធីអក្ខរកម្មនៅកន្លែងធ្វើការក្នុងក្របខ័ណ្ឌជាតិស្តីពីការអភិវឌ្ឍជំនាញ និងគោលនយោបាយពាក់ព័ន្ធនឹងទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) ស្របជាមួយនឹងយុទ្ធសាស្ត្រអប់រំជាតិ កម្លាំងពលកម្ម និងអភិវឌ្ឍន៍ឧស្សាហកម្ម។ លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរដ្ឋាភិបាល រោងចក្រ សហគ្រាស និងដៃគូអភិវឌ្ឍនានាក្នុងការអនុវត្ត និងពង្រីកវិសាលភាពកម្មវិធីអក្ខរកម្មតាមរោងចក្រ ដើម្បីលើកកម្ពស់កម្មវិធីអក្ខរកម្មដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពរបស់យុវជនធ្វើពលកម្មនៅក្រៅសាលា កម្មករ កម្មការិនីរោងចក្រប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ក្នុងការរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការប្រកួតប្រជែងក្នុងសហគ្រាស ការកាត់បន្ថយភាពក្រីក្រ និងបរិយាបន្នសង្គម។

នាឱកាសនោះ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានលើកឡើងថា ការជួបជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាដ៏មានឥទ្ធិពលមួយ ផ្តល់អំណាចដល់កម្លាំងពលកម្មរបស់ប្រទេស
កម្ពុជាតាមរយៈការអប់រំនិងការអភិវឌ្ឍជំនាញ។

ជាមួយគ្នានេះ លោក Choi Jean Huah អគ្គនាយករងរោងចក្រ Olive Apparel បានថ្លែងអរគុណ និងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហការ និងគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីអក្ខរកម្មតាមរោងចក្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ ដើម្បីផ្តល់ឱកាសដល់កម្មករ កម្មការិនីទទួលបានការសិក្សារៀនសូត្រ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





