ក្រសួងសង្គមកិច្ចបើកវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីយុត្តិធម៌អនីតិជនដល់ខេត្តចំនួន៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ស្ដីពីយុត្តិធម៌អនីតិជន និងតួនាទីភារកិច្ចរបស់ភ្នាក់ងារសង្គមកិច្ចដល់ភ្នាក់ងារសង្គមកិច្ចនៃរដ្ឋបាលក្រុង ស្រុក ដល់ខេត្តចំនួន៦ នៅខេត្តស្វាយរៀង។

ឯកឧត្តម សន សុផល បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពអំពីតួនាទីភារកិច្ចរបស់ខ្លួនដល់ភ្នាក់ងារសង្គមកិច្ច នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលទើបទទួលបានការតែងតាំងថ្មី និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីយុត្តិធម៌អនីតិជន វិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងកិច្ចការពារកុមារ។

ក្នុងពិធីនោះមានការចូលរួមពីលោក វ៉ិត វ៉ាល់ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្ដារសម្បទា លោក តាន់ សេណារ៉ុង ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៌ភ្នំពេញ លោក លោកស្រីប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ភ្នាក់ងារសង្គមកិច្ចប្រចាំមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តតាកែវ តំណាងអង្គការយូនីសេហ្វ តំណាងអង្គការជីវិតនៅកម្ពុជា ប្រមាណជាង ៩៥នាក់៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





