ឯកឧត្តម ហង់ជួន ណារ៉ុនអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន៥ខ្នង ស្មើ២១បន្ទប់ក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណាមករ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី ចំនួន៥ខ្នង ២១បន្ទប់ និងសមិទ្ធផលនានានៅខេត្តព្រះវិហារ ក្រោមជំនួយរបស់អង្គការទស្សនៈពិភពលោកWorld Design Organization (WDO) ដែលប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បត៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ប្រធានមន្ទីរអប់រំយុវជននិងកីឡា តំណាងដៃគូរអន្តរជាតិប្រចាំនៅកម្ពុជា ប្រធានមន្ទីរអប់រំយុវជននិងកីឡា តំណាងដៃគូអភិវឌ្ឍន៍អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាអាណាព្យាបាលនិងសិក្សានុសិស្សជាច្រើនរូបទៀត ។ ពិធីសម្ពោធអគារសិក្សាចំនួន៥ខ្នង មាន២១ បន្ទប់នេះ រួមមានអគារសិក្សានៅសាលាបឋមសិក្សាសំបូរ បឋមសិក្សារំដោះ បឋមសិក្សាបង្គន បឋមសិក្សាអូរក្សាន្ត និងបឋមសិក្សាកំប្រាក់ក្នុងខេត្តព្រះវិហារ ដែលឧបត្ថម្ភមូលនិធិគាំទ្រសាងសង់ដោយអង្គការទស្សនៈពិភពលោក ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពវិស័យអប់រំក្នុងខេត្តដែលបច្ចុប្បន្នមានគ្រឹះស្ថានសិក្សាសរុបចំនួន៣១០កន្លែងនិងមានសិស្សកំពង់សិក្សាជាង ៦ម៉ឺននាក់ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការស្ដារវិស័យអប់រំឡើងវិញក្រោយរងផលប៉ះពាល់ពីជម្លោះព្រំដែនកាលពីចុងឆ្នាំ២០២៥ ដោយបានសម្របសម្រួលឲ្យសិស្សានុសិស្សនៅតាមមណ្ឌលសុវត្ថិភាពទទួលបានការសិក្សាជាប្រក្រតី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយចូលរួមអបអរសាទរចំពោះការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន៥ខ្នង មាន២១បន្ទប់ និងសមិទ្ធផលនានាជាច្រើនថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានដែលបានរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សដើម្បីធ្វើឲ្យកុមារគ្រប់រូបជាពិសេសកុមារដែលរស់នៅទីជនបទដាច់ស្រយាលមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព ចាប់ពីកម្រិតមត្តីសិក្សារហូតដល់មធ្យមសិក្សានិង មានការលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាល ។បច្ចុប្បន្នក្រសួងបាននិងកំពុងជំរុញការអនុវត្តកញ្ចប់សម្ភារៈអំណាំនិងគណិតវិទ្យាថ្នាក់វិទ្យាថ្នាក់ដំបូងនៅកម្រិតបឋមសិក្សាដោយបំប៉នសមត្ថភាពគ្រូនិងកម្មវិធីបណ្ដុះបណ្ដាលគរុសិស្សដែលជាកត្តាចាំបាច់បំផុតសម្រាប់គុណវត្តគ្រូបង្រៀនដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀននិងបង្រៀន។

ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាននាំយកនូវអំណោយសម្ភារៈសិក្សាប្រគល់ជូនទៅតំណាងសហគមន៍ និងសាលារៀនដើម្បីបានចែកបន្តទៅដល់បុគ្គលិកអប់រំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ៕
ដោយ ទិត ស្រ៊





