បញ្ហាព្រំដែនកម្ពុជាអំពាវនាវឲ្យថៃមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្តែង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- កម្ពុជាបានអំពាវនាវដល់ភាគីថៃឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្តែងក្នុងការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ថ្លែងការណ៍បានលើកឡើងថាឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មានទាក់ទងនឹងការវិវត្តថ្មីៗជុំវិញបញ្ហា កម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ថាកម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលព័ត៌មានរួម ស្តីពីស្ថានការណ៍ថៃ-កម្ពុជា ឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួល ស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។
អ្នកនាំពាក្យក្រសួងការបទេសបានបន្តថាកម្ពុជាសូមបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គឺជាស្ថាប័ន បច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការ ដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ។ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃតួនាទីរបស់ JBC និងការ បន្តចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមា ក្នុងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយ ព្រំដែនរវាងប្រទេសទាំងពីរ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីបន្ត ចាប់ផ្តើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះនាពេលអនាគត។
ប្រភពបានអះអាងថាដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់ពិតប្រាកដ ការបន្តនូវវត្តមាន និងបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺមានសារៈសំខាន់ចំពោះការងារផ្ទៀងផ្ទាត់លើការអនុវត្តនៃសេចក្តី ប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជានៅតែបុរសកម្ម ក្នុងការពង្រឹងបណ្តាញទំនាក់ទំនងដោយ ផ្ទាល់ ដើម្បីទប់ស្ងាត់ព័ត៌មានក្លែងក្លាយ និងធានាថា ការទំនាក់ទំនងទាំងអស់ គឺផ្អែកលើការពិតដែលអា ផ្ទៀងផ្ទាត់បាន។
ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្ត ពិភាក្សា តាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា៖"កម្ពុជាសូមអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្តែង។ ការ ដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈ កម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) គឺជាមធ្យោបាយប្រាកដនិយម ក្នុងការ ធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា ដែលកម្ពុជារំពឹងទុក"៕
ដោយ៖ ប៊ុនរិទ្ធ





