មូលនិធិ SDF ជំរុញការអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៦ -- ពីជំនាញទៅជាឱកាសការងារ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បន្តជំរុញការអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ឱ្យឆ្លើយតបត្រូវនឹងតម្រូវការទីផ្សារការងារ ដោយបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ។
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សូមចូលរួមអបអរសាទរនូវសមិទ្ធផលនៃការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ក្នុងពិធីបិទវគ្គសិក្សាឆ្នាំ២០២៤-២០២៥ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។ ជំនាញដែលសិក្ខាកាមទទួលបាននាថ្ងៃនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារក្នុងវិស័យទេសចរណ៍កម្ពុជា។


តាមរយៈកិច្ចសហការជាមួយសាលាប៉ូល ឌុយប្រ៊ូល មូលនិធិ SDF បានគាំទ្រថវិកាបដិភាគចំនួន ៨៨៥.៦០០ដុល្លារអាម៉េរិកទៅលើការបណ្ដុះបណ្ដាលដល់សិក្ខាកាមសរុបចំនួន ៤៦០នាក់ (ស្រ្តី ២៣២នាក់) លើ ៥មុខជំនាញសំខាន់ៗ ដោយមានជំនាញធ្វើនំ ៣០នាក់ ជំនាញចម្អិនម្ហូបអាហារ ១២០នាក់ ជំនាញការិយាល័យជួរមុខ និងគេហកិច្ច ១៤០នាក់ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ១២០នាក់ និងជំនាញប្រតិបត្តិការផ្នែកទីភ្នាក់ងារទេសចរណ៍ ៥០នាក់ ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០១៨-២០២៦) ដោយមូលនិធិ SDF បានគាំទ្រថវិកាបដិភាគប្រមាណ ២១លានដុល្លារអាម៉េរិក ក្នុងការកសាងសមត្ថភាពដល់យុវជនកម្ពុជាជាង ៦២.៤៩៦នាក់ (ស្រ្ដី ៣៣%)។ ក្នុងនោះមានសិក្ខាកាមចំនួន ៦.៤១៩នាក់ ស្ថិតក្នុងវិស័យទេសចរណ៍។

មូលនិធិ SDF នឹងបន្តកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនផ្សេងទៀត ដើម្បីរួមគ្នាបង្កើនផលិតភាពការងារ និងកសាងសង្គមសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំដោយពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា៕

ដោយ៖ ណយ នឿន (ប្រភព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ)





