សុភីណា ហ្វាម ផ្គត់ផ្គង់អាហារូបត្ថម្ភសុខភាពដល់ វិសាខា រួមអភិវឌ្ឍន៍បាល់ទាត់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦--ក្លឹបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុន សុភីណា ហ្វាម ឯ.ក (Sophyna Farm Co., Ltd) ជាក្រុមហ៊ុនកសិកម្ម ផ្តោតសំខាន់លើការផលិតបន្លែធម្មជាតិ និងការចិញ្ចឹមសត្វ ដែលមានទីតាំងកសិដ្ឋាននៅស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហការរយៈពេលវែង ក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់ក្លឹប។
កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លឹបវិសាខា បានថ្លែងក្នុងពិធីចុះ MoU នៅកីឡដ្ឋានវិសាខា កាលពីថ្មីៗថា កិច្ចសហការនេះពិតជាបានផ្ដល់នូវផលចំណេញទាំងសងខាង ដែលជាការរួមចំណែកគាំទ្រ និងផ្សព្វផ្សាយពីផលិតផលកសិកម្មក្នុងស្រុក ពិសេស Sophyna Farm ដែលទើបដំណើរការ កាលពីឆ្នាំ២០២៥ និងការទទួលបាននូវអាហារូបត្ថម្ភស្ដង់ដាប្រកបដោយគុណភាព និងសុវត្ថិភាពដល់កីឡាករ-កីឡាការិនី និងថ្នាលយុវជនប្រមាណ ២០០នាក់ ដែលកំពុងស្ថិតក្រោមដំបូលក្លឹប នាពេលបច្ចុប្បន្ន។


កញ្ញាជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ដ្រពង្រឹងគុណភាពកីឡាករ កីឡាការិនីរបស់ក្លឹប ហើយក្រៅពីការផ្គត់ផ្គង់នូវស៊ុតមាន់ និងបន្លែស្រស់ៗ តែទៅថ្ងៃអនាគត។ អគ្គនាយិកាក្លឹបវិសាខារំពឹងថា Sophyna Farm នឹងអាចឈានដល់ការផ្គត់ផ្គង់ផ្លែឈើ និងអាហារូបត្ថម្ភសិប្បនិម្មិត ដែលកែច្នៃពីបន្លែ-ផ្លែឈើក្នុងកសិដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងនាមកីឡាករ-កីឡាការិនីអាជីព ដែលត្រូវការទាំងអាហារូបត្ថម្ភធម្មជាតិ និងអាហារូបត្ថម្ភសិប្បនិម្មិត សម្រាប់ទ្រទ្រង់រាង្គកាយ និងថាមពលផងដែរ។

ជាមួយគ្នានេះ លោក សូ សារ៉ុង ប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុន Sophyna Farm បានបង្ហាញក្ដីសោមនស្សរីករាយដែលបានសហការជាមួយក្លឹបវិសាខា ជាក្លឹបដ៏មានប្រជាប្រិយភាព ដើម្បីបានរួមចំណែកគាំទ្រ និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ក្នុងនាមដៃគូផ្គត់ផ្គង់ផលិតផលកសិកម្មធម្មជាតិ ក្រៅពីចង់រួមចំណែក និងធានានូវសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏ចង់ឃើញកីឡាករ-កីឡាការិនីកម្ពុជាមានសុខភាពមាំមួន តាមរយៈការទទួលបាននូវរបបអាហារត្រឹមត្រូវ និងស្ដង់ដាផងដែរ។
លោកបន្ដថា «ក្នុងនាម Sophyna Farm បន្ទាប់ពីការចុះ MoU នេះ ខ្ញុំរំពឹងថា អ្នកគាំទ្របាល់ទាត់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដែលផលិតដោយក្រុមហ៊ុនកូនខ្មែរនេះ ដើម្បីឱ្យក្រុមហ៊ុនខ្មែរ អាចដំណើរការទៅមុខដោយរលូន ផ្ដល់ឱកាសការងារ និងអភិវឌ្ឍន៍ក្នុងសង្គមជាតិ ព្រមទាំងវិស័យកីឡាផងដែរ។ ម្យ៉ាងទៀតក៏ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ពិសេសស៊ុតមាន់ និងបន្លែ ដែលយើងនឹងព្យាយាមដើរតួនាទីជាអ្នកផ្គត់ចំណីអាហារប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យដល់ប្រជាជនកម្ពុជា»។

គួរបញ្ជាក់ថា នេះគឺជាដៃគូសហការថ្មីមួយទៀតរបស់ក្លឹបកីឡាបាល់ទាត់ វិសាខា ហើយកញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានថ្លែងអំណរគុណដល់ដៃគូសហការចាស់ថ្មីទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ក្លឹប ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបបាល់ទាត់ វិសាខា)





