អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍
AKPសៀមរាប ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦– អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាបទៅកាន់ពិភពលោក។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមទេសចរណ៍ឌីជីថល រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន ខេម ជ្ជី អេសអេម ម.ក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាន៍ថា អាជ្ញាធរខេត្តសៀមរាប បានចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប ទៅកាន់ពិភពលោក បង្កើនចំនួនភ្ញៀវទេសចរ និងគាំទ្រដល់អាជីវកម្មមូលដ្ឋានឱ្យមានកំណើន និងជួយបង្កើតឱកាសការងារ និងចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើឱ្យសហគមន៍ចូលរួមដោយផ្ទាល់ និងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍។

លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងកិច្ចសហប្រតិបត្តិការការអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមទេសចរណ៍ឌីជីថលរវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន ខេម ជ្ជី អេស អេម បាននឹងកំពុងដើរស្របគ្នាជាមួយផែនទីចង្អុលផ្លូវនៃគម្រោងទីក្រុងឆ្លាតវៃរបស់ខេត្តសៀមរាប លើវិស័យទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងចល័តភាពឆ្លាតវៃ (Smart Mobility)។
លោកអភិបាលរងខេត្ត ក៏មានក្ដីរំពឹងថា តាមរយៈបច្ចេកវិទ្យា 5G និងការកែលម្អបណ្ដាញទូរគមនាគមន៍ ភ្ញៀវទេសចរអាចទទួលបានបទពិសោធធ្វើដំណើរយ៉ាងរលូន ស្វែងរកព័ត៌មានងាយស្រួល និងចែករំលែកបទពិសោធរបស់ខ្លួនទៅកាន់ពិភពលោកភ្លាមៗ ពេលដែលពួកគាត់មកដើរលេងកម្សាន្តនៅខេត្តសៀមរាប។

លោក យ៉ាប់ កុកលឿង នាយកប្រតិបត្តិក្រុមហ៊ុន ខេម ជ្ជី អេសអេម ម.ក បានឱ្យដឹងថា កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដែលមានការតភ្ជាប់យ៉ាងពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត តាមរយៈការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Cellcard ក្នុងក្រុងសៀមរាប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្ដាញសេវាឱ្យកាន់តែមានគុណភាពខ្ពស់នៅទូទាំងខេត្ត។
លោកបានឱ្យដឹងទៀតថា កិច្ចសហការនេះមិនមែនសម្រាប់តែការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែជាការបើកបង្ហាញនូវសក្ដានុពលពេញលេញរបស់ខេត្តសៀមរាប តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទេសចរណ៍ និងសហគមន៍ ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប កំពុងបង្កើតអនាគតមួយដែលរាល់ការតភ្ជាប់សុទ្ធតែនាំមកនូវឱកាសហើយការភ្ជាប់ទំនាក់ទំនងបែបឌីជីថលសម្រាប់មនុស្សគ្រប់គ្នា។


សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនសែលកាត នឹងរួមគ្នាអនុវត្តគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G និងពង្រឹងសេវា 4G ឱ្យកាន់តែលឿន រួមទាំងការដំឡើង Wi-Fi សាធារណៈ នៅតាមតំបន់ទេសចរណ៍សំខាន់ៗ, ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីភ្ជាប់ទំនាក់ទំនងរវាង អ្នកបើកបរ (តាក់ស៊ី/កង់បី) ជាមួយភ្ញៀវទេសចរ ដើម្បីបង្កើតឱកាសការងារ។ ជាពិសេសការផ្ដល់សេវា eSIM និងដំណោះស្រាយទំនាក់ទំនងផ្សេងៗ (ដូចជា WhatsApp) ដើម្បីឱ្យភ្ញៀវទេសចរអាចរក្សាការតភ្ជាប់បានងាយស្រួលភ្លាមៗពេលមកដល់៕

ដោយ៖ ឃុត សៅ





