បូកសរុបលទ្ធផលការងារជំនាញការិយាល័យទី៥ ឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ ទូទាំងកងទ័ពជើងគោក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារជំនាញការិយាល័យទី៥ កងទ័ពជើងគោក ឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោកនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយនូវលទ្ធផលការងារជំនាញការិយាល័យទី៥ ទូទាំងកងទ័ពជើងគោក ដែលបានអនុវត្តន៏នាឆ្នាំ២០២៥ កន្លងមក និងដាក់ចេញការងារអនុវត្តន៏បន្តសម្រាប់ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់ក្រសួងការពារជាតិ ព្រមទាំងរំលេចពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានចាត់ទុកថាសមិទ្ធិផលវិជ្ជមាន និងជោគជ័យទាំងអស់នេះ គឺកើតចេញពីការរួមសាមគ្គីជាធ្លុងមួយរបស់បណ្តាជំនាញការិយាល័យទី៥ រួមទាំងជំនាញពាក់ព័ន្ធទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំគ្រប់ថា្នក់ ធ្វើឱ្យការងារសម្រេចបានជោគជ័យតាមផែនការដែលថ្នាក់លើប្រគល់ជូន ដោយក្នុងនោះរួមមាន ការងារអប់រំចិត្តសាស្ត្រត្រូវបន្តផ្សព្វផ្សាយជាប់ជាប្រចាំដូចភ្លៀងរលឹម បង្កើនស្មារតី និងឆន្ទៈការពារជាតិ ការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមទាំងបន្តផ្ដព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភារបស់រាជរដ្ឋាភិបាលអណត្តិទី៧ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានចូលរួមអបអរសាទរពីលទ្ធផលការងារជំនាញការិយាល័យទី៥ ទូទាំងកងទ័ពជើងគោក ដែលបានអនុវត្តន៏ក្នុងឆ្នាំ២០២៥ កន្លងមក ដោយសម្រេចបានជោគជ័យតាមផែនការគ្រោងទុក និងសូមបន្តលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាញការិយាល័យទី៥ កងទ័ពជើងគោក បន្តជម្រុញបន្ថែមទៀត សង្ឃឹមថា ឆ្នាំ២០២៦ ទទួលលទ្ធផលកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានដាក់ចេញផែនការ ស្តីពីការងារ ចាត់តាំង អនុវត្តការងារអប់រំសហការយ៉ាងជិតស្និតជាមួយស្ថាប័នសំខាន់ៗពាក់ព័ន្ធ (តាមឋានានុក្រម) ដើម្បីធ្វើ ផែនការលម្អិតជាក់លាក់ដោយផ្អែកលើផែនការរបស់ក្រសួងការពារជាតិ កងទ័ពជើងគោក និងអនុសាសន៍សំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបន្តអនុវត្តការងារជំនាញ ការិយាល័យទី៥ និងការងារប្រឡងប្រណាំងក្នុងឆ្នាំ២០២៦ ក្នុងក្របខណ្ឌកងទ័ពជើងគោកឱ្យទទួលបានលទ្ធផលល្អ ៕
ដោយ៖ សំ សាម៉ន (ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក)





