ស្ថានទូតកម្ពុជាប្រចាំកូរ៉េ និងសហការជាមួយគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ជនមានពិការភាពភ្នែក និងត្រចៀក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- ឯកអគ្គរាជទូតកម្ពុជសប្រចាំនៅសាធារណរដ្ឋកូរ៉េ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ប្រជាជនដែលមានពិការភាពផ្នែកភ្នែក និងត្រចៀក។

នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្មនៃសមាគមសុខមាលភាពជនពិការកូរ៉េ (Korea Disabled Welfare Association – KDWA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

សមាគមនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ជាសមាគមគាំពារជនពិការដំបូងគេរបស់កូរ៉េ។
លោកស្រី LEE Ju-yeon បានលើកឡើងថា គោលបំណងដែលលោកស្រីអញ្ជើញមកស្ថានទូតលើកនេះ គឺដើម្បីបង្ហាញអំពីបំណងបង្កេីតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារដល់សកម្មភាពរបស់ជនពិការ ដូចជាការឧបត្ថម្ភនូវសម្លៀកបំពាក់ កៅអីរុញជនពិការ ជើងសប្បនិម្មិត និងវគ្គបណ្តុះបណ្តាលសម្រាប់ជនពិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត។

បន្ថែមពីនេះ លោកស្រីក៏បានលើកឡើងនូវបច្ចេកវិទ្យាថ្មីៗរបស់កូរ៉េ ដែលបញ្ចូលបច្ចេកទេសបញ្ញាសប្បនិម្មិត AI ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ប្រជាជនដែលមានពិការភាពផ្នែកភ្នែក និងត្រចៀកផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាង៣ទស្សវត្សន៍បន្សល់ទុកនូវប្រជាជនដែលមានពិការភាពប្រមាណ ៧០ម៉ឺននាក់ ដែលរដ្ឋាភិបាលក៏ដូចជាអង្គការនានា បានធ្វើសកម្មភាពជាច្រើនដើម្បីជួយគាំទ្រដល់ការរស់នៅរបស់ពួកគាត់។ គម្រោងរបស់សមាគមលោកស្រីនឹងអាចជួយសម្រួលពួកគាត់ក្នុងជីវភាពរស់នៅ និងអាចជួយបង្កើននូវចំណូលសម្រាប់គ្រួសារគាត់ ព្រមទាំងអាចឱ្យពួកគាត់មានលទ្ធភាពចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបលោកស្រីថា ស្ថានទូតត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយលោកស្រីក្នុងរៀបចំជំនួបជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្វែងរកអង្គការដៃគូដើម្បីសហការជាមួយសមាគម៕

ដោយ៖ ប៊ុនរិទ្ធ





