ឧត្តមសេនីយ៍ទោ ហេង សុផល នាំយកស្បៀង អាហារឧបត្ថម្ភជូនអតីតយុទ្ធជនជាសម្ព័ន្ធមេត្រីភាព មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះអតីតយុទ្ធជនកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពងខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ចំពោះស្នាដៃ គុណបំណាច់ និងពលិកម្មរបស់អតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ
នាពេលកន្លងមក រហូតប្រទេសជាតិទទួលបានសុខសន្តិភាពនាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខ សុខុមាលភាព និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់សមាជិកគ្រួសារ គឺមិនបោះបង់ចោលបងប្អូនឡើយ ទោះបីជាស្ថិតក្នុងស្ថានភាពណាមួយក៏ដោយ ហើយមិនត្រឹមត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំបានចាត់តំណាង ចុះដល់លំនៅឋាន ព្រមទាំងនាំយកស្បៀងអាហារសម្ភារ ថវិកាឧបត្ថម្ភជូនបងប្អូនជាបន្តបន្ទាប់។

លោកស្នងការ បានផ្ដាំផ្ញើដល់បងប្អូនសូមបន្តបង្ករបង្កើនផលដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វតាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលការចំណាយដោះស្រាយជីវភាពឱ្យកាន់តែប្រសើរឡើង ព្រមទាំងថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាត បរិភោគស្អាត និងមានអនាម័យ។

លោកឧត្តមសេនីយ៍ទោស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន អតីតយុទ្ធជន ៧គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម នំចំនួន ០១ធុងនិងថវិកា ១០ម៉ឺនរៀល លោកមេភូមិថវិកា ១០ម៉ឺនរៀល និងកម្លាំងប្រជាការពារ ១៥នាក់ ម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ។

លោក ធីវ ថាត តំណាងឱ្យអតីតយុទ្ធជនទាំង ៧គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មមាញឹកចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់នាពេលនេះ៕

ដោយ៖ ស៊ុម វណ្ណា





