រដ្ឋមន្ត្រីក្រសួងអប់រំចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាននៅអនុវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋានក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នអនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលេណដ្ឋានចំនួន១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយមូលនិធិសាមគ្គីក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា តាមរយៈមូលនិធិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសប្បុរសជននានា ក្រសួងបាន និងកំពុងរៀបចំសាងសង់លេណដ្ឋានពហុបំណងនៅតាមទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនដែលប្រឈមហានិភ័យខ្ពស់ ហើយដែលអនុញ្ញាតឱ្យចូលទៅសាងសង់បាន។ គម្រោងនេះមានគោលបំណងការពារសុវត្ថិភាពបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងករណីមានហេតុការណ៍អាសន្ន ហើយការត្រៀមលក្ខណៈនេះក៏ជាផ្នែកមួយនៃការអប់រំអំពីហានិភ័យ និងការរក្សាសុវត្ថិភាពពីគ្រោះមហន្តរាយនានា ដោយបង្កប់នូវការបង្រៀនសិស្សឱ្យចេះការពារខ្លួន និងយល់ដឹងពីរបៀបឆ្លើយតបទៅនឹងស្ថានភាពអាសន្នផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





