រដ្ឋបាលខេត្តកណ្តាល បំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ ៣១៣ នាក់
AKP កណ្តាលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦– រដ្ឋបាលខេត្តកណ្តាល បំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ ៣១៣ នាក់ ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក។

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន ៣១៣ នាក់។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃនេះ គឺស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូជានិច្ចចំពោះសុខទុក្ខជីវភាពរបស់មន្ត្រីរាជការទាំងអស់ មិនថាមន្ត្រីក្របខ័ណ្ឌ ឬកិច្ចសន្យានោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយនាថ្ងៃនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ សូមបន្តការខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន និងការបម្រើសេវាសុខាភិបាល និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រមសីលធម៌វិជ្ជាជីវៈ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពិនិត្យ ព្យាបាល និងត្រូវប្រាស្រ័យទាក់ទង ដោយពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹម ដើម្បីកសាងទំនុកចិត្ត និងភាពកក់ក្តៅជូនអ្នកជំងឺ។ ជាពិសេសសូមបន្តអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេសព្យាបាលតាមបែបទំនើបឱ្យបាន ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះអាយុជីវិត។ ត្រូវមានបុរេសកម្ម ក្នុងការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រ ថែទាំសុខភាព ការចាក់វ៉ាក់សាំង និងការបង្ការជំងឺផ្សេងៗ ដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់នៅមូលដ្ឋាន ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រីសុខាភិបាលជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ឱ្យមានសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ផងដែរ។

សូមបញ្ចាក់ថា នេះជាលើកទី ២ហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក សរុបចំនួន ៣១៣នាក់ ដោយឡែកកាលពីលើកទី១ បានបំពាក់ជូនចំនួន ៣៨៩ នាក់ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





