រដ្ឋមន្រ្ដីក្រសួងព័ត៌មានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។ ការអំពាវនាវរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានលើកឡើងថា ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និង tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន និងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់ ក្នុងនោះ ក៏មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ ជាពិសេសទាក់ទងនឹងសភាពការណ៍នៅតាមនៅតាមខេត្តបណ្តោយព្រំដែន បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការ ឡើយ។
ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់ និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន»។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ការប្រុងប្រយ័ត្នរបស់បងប្អូន គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ៕
ដោយ៖ រិទ្ធី





