អបអរសាទរពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦-
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។

កម្មវិធីមានការអញ្ជើញចូលរួមពីលោក លោកអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមកីឡាករ កីឡាការិនី ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ថន ថារិន ប្រធានមន្ទីរបានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ជាពិសេសក្មួយៗសិស្សានុសិស្សដែលជាកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បង្ហាញនូវបច្ចេកទេស និងស្មារតីកីឡាប្រកបដោយសីលធម៌ខ្ពស់ក្នុងរយៈពេលកន្លងមកនេះ។

លោក ក៏បានសង្កត់ធ្ងន់ថា ការប្រកួតនេះមិនត្រឹមតែដើម្បីស្វែងរកអ្នកឈ្នះ និងជើងឯកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះស្មារតីស្រឡាញ់កីឡា សុខភាព មិត្តភាព និងសាមគ្គីភាពរវាងសាលានិងសាលា ក្នុងទូទាំងខេត្តកំពង់ស្ពឺ ។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ក្មួយៗកីឡាករ កីឡាការិនី និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមសម្អាតបរិស្ថាន និងបានដាស់តឿនឱ្យសិស្សានុសិស្សទាំងអស់ ត្រូវចាប់ផ្តើមចេញពីខ្លួនឯង ក្នុងការចូលរួមសម្អាតអនាម័យ បរិស្ថាននៅក្នុងសាលារៀន និងតាមទីសាធារណៈឱ្យបានស្អាតជានិច្ច ព្រោះបរិស្ថានស្អាត នាំមកនូវសុខភាពល្អ និងសោភ័ណភាពសាលារៀន។

ជាចុងក្រោយ លោកប្រធានមន្ទីរក៏បានផ្តល់កិត្តិយសប្រគល់មេដាយ ពានរង្វាន់ និងលិខិតសរសើរ ជូនដល់បណ្តាក្រុមដែលទទួលបានជ័យលាភីតាមប្រភេទកីឡានីមួយៗផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





