ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា កម្មវិធី PAI ឬ PaiPay ពុំមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថានមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ
AKPភ្នំពេញថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦–
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា កម្មវិធី PAI ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ PaiPay ដែលបានចេញផ្សាយនៅថ្ងៃនេះថា ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការ លើផ្លេតហ្វមតេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និង ទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពី ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញ សង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា កម្មវិធី PAI ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័ត របស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។

អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្តាល ឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ។ សម្រាប់ករណីនេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបការផ្សព្វផ្សាយ មិនស្របច្បាប់របស់កម្មវិធីមួយនេះផងដែរ៕
ដោយ៖ ចរិយា ប្រភព៖ NBC





