លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាងស៊ីណេត អញ្ជើញសណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សាជូនសិស្សានុសិស្សមត្តេយសហគមន៍ ស្រុកកំពង់សិលា
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦---
លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាងស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំសមាជិកសមាគមនារីខេត្តព្រះសីហនុ សំណេះសំណាលសួរសុខទុកសិស្សានុ សិស្សសាលាមត្តេយសិក្សាសហគមន៍ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលជាមួយអ្នកគ្រូ សិស្សានុសិស្សមត្តេយសហគមន៍ស្រុកកំពង់សិលា ព្រមទាំងពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជានិច្ចកាលលោកតែង តែយកចិត្តទុកដាក់ចំពោះសុខទុក្ខចំពោះក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូនៅទូទាំងខេត្តព្រះសីហនុ ដែលកំពុងតែសិក្សាក្រេបយកនូវចំណេះវិជ្ជា ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានលះបង់កំលាំងកាយ ចិត្តក្នុងការបង្រៀនក្មួយៗសិស្សានុសិស្ស ក្នុងនាមជាឪពុកម្តាយទី២។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានលះបង់សាច់ស្រស់ឈាមស្រស់យកអាយុជីវិតធ្វើជាដើមទុន ដើម្បីការពារប្រទេសជាតិមាតុភូមិ ដោយ ដៃម្ខាងខិតខំអភិវឌ្ឍ និងដៃម្ខាងទៀតទប់ទល់នឹងការឈ្លានពានជាមួយពួកអមិត្ត។


សម្តេចបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ដោយឈរលើស្មារតីបន្តវេនប្រកប ដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍសង្គមសេដ្ឋកិច្ចនឹងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា បន្តកែទម្រង់សាលារៀនជំនាន់ថ្មី ជាសាលារៀនគំរូ អភិបាលកិច្ចពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន វិធីសាស្ត្របង្រៀន ព្រមទាំងការលើកកម្ពស់ជីវភាព និងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត ការអប់រំតាមបែបឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វិធានការគន្លឹះក្នុងវិស័យអប់រំដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ក្នុងគោលដៅពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដែលជាកម្លាំងចលករមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះ នៃភាពរីកចម្រើននៃសេដ្ ឋកិច្ចសង្គម។ ការយកចិត្តទុកដាក់លើយុវជន និងកុមារពីគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ដែលជាចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គមជាតិ តាម រយៈការផ្តល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។


លោកជំទាវ ក៏បានកោតសសើរ វាយតម្លៃចំពោះថ្នាក់ដឹកនាំអប់រំ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានបានចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយឡែកនៅខេត្តព្រះសីហនុ ជំរុញឱ្យក្មួយៗ ចៅៗសិស្សានុសិស្សខិតខំរៀនសូត្រធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ។ ដូច្នេះយើងត្រូវធ្វើជាកូនល្អមានអត្តចរិកស្លួតបូត សុភាពរាបសា ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ស្រលាញ់ពលកម្ម អនាម័យ និងបរិស្ថាន។ សិស្សល្អ ត្រូវមានសេចក្តីព្យាយាមរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាមានស្មារតីស្រាវជ្រាវចូលរួមសកម្មភាពសង្គម មិនបង្កការលំបាកដល់សាលា និងជួយថែរក្សាបរិស្ថានសាលា។ យើងត្រូវធ្វើជាគំរូល្អដល់មិត្តភក្តិទាំងក្នុង និងក្រៅថ្នាក់ មិនរើសអើងចំពោះមិត្តភក្តិ។ ពលរដ្ធល្អ ត្រូវមានអត្តចរិក ឬកពារ សីលធម៌រស់នៅល្អ ចេះគោរពច្បាប់មិនបង្កការលំបាកដល់សង្គម ចូលរួមអភិវឌ្ឍន៍សហគមន៍ គោរពសិទ្ធិអ្នកដទៃ ថែរក្សាសិទ្ធិអ្នកដទៃ ថែរក្សាសម្បត្តិសាធារណៈសូមឆ្លើយថាទេចំពោះ «គ្រឿងញៀន» និងក្មេងទំនើង។

ក្នុងឪកាសនោះ លោកជំទាវ ប្រធានកិត្តិយសាខាសមាគមនារីខេត្តព្រះសីហនុ ក៏បានប្រគល់សម្ភារសិក្សាជូនសិស្សានុសិស្សមត្តេយសិក្សាសហគមន៍ស្រុកកំពង់សិលាចំនួន ៦៤នាក់ និងអ្នកគ្រូចំនួន ៣នាក់ នូវសម្ភារៈសិក្សា និងថវិកា ព្រមទាំងមាននុំ ចំណីផងដែរ៕
ដោយ៖ ងូ សុមុនី





