បន្ទាយមានជ័យ-ខេត្តដុងថាប់វៀតណាម ពង្រឹងចំណងមិត្តភាព និងអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ
AKPបន្ទាយមានជ័យថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦---
នៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យនៃមិត្តភាពជាប្រពៃណី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងជូនពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានទទួលបដិសណ្ឋារកិច្ចចំពោះ ឯកឧត្តម ផាម វ៉ាន់អាន អនុលេខាធិការគណបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ព្រមទាំងគណៈប្រតិភូ នៅសាលប្រជុំ (ក) សាលាខេត្ត។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ត្រឹន ទួន អាញ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តយ៉ាងច្រើនកុះករ។


ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវក្តីសោមនស្សរីករាយជាខ្លាំង ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តដុងថាប់ ដែលបានឆ្លងកាត់ផ្លូវឆ្ងាយដើម្បីនាំមកនូវសេចក្តីសុខ និងពរជ័យជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានបញ្ជាក់ថា "វត្តមានរបស់ឯកឧត្តម ផាម វ៉ាន់អាន និងគណៈប្រតិភូនៅថ្ងៃនេះ មិនត្រឹមតែជាការគោរពតាមប្រពៃណីនៃការសួរសុខទុក្ខគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃចំណងមិត្តភាព 'អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង' រវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តទាំងពីរផងដែរ។"
ជាមួយគ្នានេះ ឯកឧត្តម ផាម វ៉ាន់អាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំនូវពាក្យពេចន៍ជូនពរជ័យសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងការរីកចម្រើនរុងរឿងជានិរន្តរ៍។


ជំនួបនេះបានឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗ សាមគ្គីភាពខាងនយោបាយការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងរដ្ឋបាលខេត្តនៃប្រទេសទាំងពីរ។វប្បធម៌ និងប្រពៃណីការផ្តល់តម្លៃដល់ពិធីបុណ្យជាតិ និងការយោគយល់គ្នាទៅវិញទៅមកលើផ្នែកជំនឿសាសនា និងទំនៀមទម្លាប់។ការអភិវឌ្ឍតំបន់ការផ្លាស់ប្តូរបទពិសោធន៍ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន និងការជំរុញសេដ្ឋកិច្ច។
ពិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត តាមរយៈការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ និងការថតរូបទុកជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីស្មារតីជាបងប្អូន និងជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំដែលមិនអាចបំបែកបាន៕

ដោយ៖ ឈុនសារ៉ាត





