ឯកឧត្ដម អ៊ុ រាត្រី៖ ការពង្រឹងគុណភាពពុទ្ធិកសិក្សា គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានសង្ឃ ប្រកបដោយចំណេះដឹង និងសីលធម៌ខ្ពស់
AKPបន្ទាយមានជ័យថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦---
វិស័យពុទ្ធិកសិក្សា មិនត្រឹមតែជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងខាងសាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងធនធានមនុស្សទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ឱ្យប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីបម្រើសង្គមជាតិ។នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៦-២០២៧ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្នុងប្រសាសន៍សំណេះសំណាលទៅកាន់សមណសិស្ស ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស។ ក្នុងនោះ វិស័យពុទ្ធិកសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការ បណ្តុះបណ្តាលសមត្ថភាព ទាំងផ្នែកធម៌វិន័យ និងចំណេះដឹងទូទៅ (វិទ្យាសាស្ត្រ)។ពង្រឹងសីលធម៌សង្គម ការរស់នៅប្រកបដោយវិន័យ និងគុណធម៌ ដែលជាគំរូដ៏ល្អសម្រាប់គ្រហស្ថ និងសង្គមជាតិទាំងមូល។ លើកស្ទួយសាសនាជាតិ ដើម្បីធានាថាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបន្តរីកចម្រើនប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ។ "ការសិក្សានៅពុទ្ធិកវិទ្យាល័យ មិនត្រឹមតែផ្តល់នូវចំណេះដឹងជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរំលត់នូវអវិជ្ជា និងកសាងបុគ្គលិក លក្ខណៈឱ្យក្លាយជាធនធានដ៏មានតម្លៃ សម្រាប់បន្តថែរក្សាកេរមរតកវប្បធម៌ និងសាសនាជាតិ"។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម អ៊ុ រាត្រី។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យឱ្យដឹងថា សម្រាប់ការប្រឡងចូលរៀននៅមណ្ឌលខេត្តបន្ទាយមានជ័យឆ្នាំនេះ មានសាមណសិស្ស-បេក្ខជន និមន្តមកពីខេត្តចំនួនបី រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ដែលមានចំនួនសរុប ១៦៥អង្គ/នាក់រួមមាន៧បន្ទប់។វិញ្ញាសារប្រឡងមាន៤មុខវិជ្ជារួមមានភាសាបាលី,ខ្មែរ,ព្រះវិន័យព្រះអភិធម្មនិងគណិតវិទ្យា។
ជាមួយនោះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងជូនពរដល់បេក្ខជនទាំងអស់ឱ្យ ខិតខំប្រឹងប្រែងប្រើប្រាស់សមត្ថភាពឱ្យអស់ពីលទ្ធភាព។គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ប្រឡងដោយភាពស្មោះត្រង់ ដើម្បីទទួលបានលទ្ធផលជោគជ័យ និងក្លាយជាសសរទ្រូងនៃព្រះពុទ្ធសាសនា។


ពិធីកាត់វិញ្ញាសានេះ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ រួមមាន ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ (មហានិកាយ)។ព្រះវរមុនី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ (ធម្មយុត្ត)។ ព្រះមេគណខេត្តសៀមរាប និងបាត់ដំបង។ ព្រះមុនីសីលវន្ត មុំ ឫទ្ធី ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ការរៀបចំការប្រឡងនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងស្ថាប័នសាសនា ក្នុងគោលដៅរួមគ្នាពង្រឹង "គុណភាពអប់រំ" នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ឈុនសារ៉ាត





