បាឋកថាស្តីពី “ប្រទេសចិនក្នុងនិទាឃរដូវ ផែនការ៥ឆ្នាំ លើកទី១៥” ជំរុញបន្ថែមដល់កិច្ចកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំ លើកទី១៥” បានជំរុញបន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាពកម្ពុជា–ចិន ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ការរៀបចំបាឋកថានេះ ក្នុងគោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា និងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍសកល និងផែនការយុទ្ធសាស្ត្រថ្មីរបស់ប្រទេសចិន។

អ្នកចូលរួមមកពី តំណាងស្ថាប័ន សំខាន់ៗជាច្រើនរួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សហភាពសហព័ន្ធយុវជនកម្ពុជា សមាគម អ.ម.ត និងសាកលវិទ្យាល័យទួនហ្វា។

លោក Shen Haixiong (សិន ហៃស្យុង ) អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកសាស្ត្រាចារ្យ Li Zhi (លី ជី )អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវផែនការអភិវឌ្ឍប្រទេសចិននៃសាកល វិទ្យាល័យ ឈីង ហួ (Tsinghua )បានបង្ហាញអំពីផែនការ៥ឆ្នាំ លើកទី១៥ របស់ប្រទេសចិន។ ជាមួយគ្នានេះ លោកទាំងពីរក៏បានរំលេចថា ផែនការនេះមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្មក្នុងចរន្តសេដ្ឋកិច្ចសកល។ លើសពីនេះទៀត លោកទាំងពីរក៏បានយល់ស្របថា ផែនការនេះ ក៏ជាកូនសោរគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត រួមទាំងកម្ពុជា។
ជាមួយនឹងបទបង្ហាញខាងលើ វាគ្មិនកម្ពុជាចំនួនពីររូប គឺលោកបណ្ឌិត ជា មុនីឫទ្ធិ និងលោកបណ្ឌិត កៅ មុយថង បានលើកឡើងពីសារៈសំខាន់នៃកិច្ចកសាង «សហគមន៍ជោគវាសនារួមកម្ពុជា–ចិន»។ លោកបណ្ឌិតទាំងពីរបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា និងចិន ដែលបានអភិវឌ្ឍន៍យ៉ាងរឹងមាំលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ហើយកំពុងបន្តឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែខ្លាំង។ ទន្ទឹមនេះ វាគ្មិនកម្ពុជាទាំងពីររូប ក៏បានលើកទឹកចិត្តឱ្យប្រទេសយើងទាំងពីរបន្តពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នា ដើម្បីសម្រេចគោលដៅ រួមក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា បាឋកថានេះ មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយចំណេះដឹងអំពីគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកសំខាន់មួយក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន ឱ្យកាន់តែជិតស្និទ្ធ ដែលជាពិសេស បាឋកថានេះ បានបង្ហាញថា ផែនការ៥ឆ្នាំ លើកទី១៥ របស់ប្រទេសចិន និងគំនិតកសាងសហគមន៍ ជោគវាសនារួម គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី។ ឯកឧត្តមមានសុទិដ្ឋិនិយម ស្របជាមួយគោលគំនិតទាំងមូលរបស់អង្គពិធីដែលបានឯកភាពគ្នាថា បាឋកថានេះបានបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់ប្រទេសចិន ក្នុងការជំរុញសេដ្ឋកិច្ចសកល និងសារៈសំខាន់នៃការបន្តពង្រឹងសហគមន៍ជោគវាសនា រួមកម្ពុជា–ចិន ដើម្បីសម្រេចបាននូវអនាគតដែលមានភាពរុងរឿង និងចីរភាពសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជា និងចិន៕


ដោយ៖ រិទ្ធី





