សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបើកការប្រកួតជម្រុះកីឡាអុកចត្រង្គ ស្តេចអុក នគរសង្ក្រាន្ត ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននៃព្រឹត្តិការណ៍នគរសង្ក្រាន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦បានប្រកាសបើកការប្រកួតជម្រុះជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

ក្នុងឱកាសពិធីបើការប្រកួតនេះទទួលបានកិត្តិយសអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ, សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហពន្ធ័យុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររៀបចំការប្រកួតអុកចត្រង្គនគរសង្ក្រាន តំណាងឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររៀបចំការប្រកួតអុកចត្រង្គអង្គរសង្ក្រាន បាននាំយកពាក្យពេចន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិត ហេង សុខគង់ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករអុកចត្រង្គទាំងអស់ប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ថែរក្សាប្រភេទកីឡាព្រលឹងអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម លី ចាន់សុភក្តី គូសបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ស្តេចអុកនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានកីឡាករចូលរួមសរុប ១១៦នាក់មកពី ១៩រាជធានី-ខេត្ត (សរុបទាំងវគ្គជម្រុះតាមខេត្ត)។ ជាមួយគ្នានេះ ឯកឧត្តម លី ចាន់សុភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំនៃសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កីឡាករទាំងអស់ដែលចូលរួមប្រកួតក្នុងឱកាសនេះ ដើម្បីឆ្ពោះទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ ដើម្បីស្វែងរក ស្តេចអុក ប្រចាំឆ្នាំ២០២៦នេះ។ ឯកឧត្តម ក៏បានស្នើឱ្យកីឡាករចូលរួមប្រកួតទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញឱ្យព្រឹត្តិការណ៍ប្រកួតទាំងមូលដំណើរការដោយរលូន និងជោគជ័យ។

ជាមួយគ្នានេះ លោក យាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាលើកឡើងថា តាងនាមសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាសូមស្វាគមន៍គណៈអធិបតី កីឡាករទាំង ៨៨នាក់ ដែលបាន អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតកីឡាអុកចត្រង្គ ជម្រុះ ស្តេចអុក នគរសង្ក្រាន្ត ឆ្នាំ២០២៦ នេះ។

លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបន្ទុកប្រធានបច្ចេកទេសរៀបចំការប្រកួតនេះបានគូសបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនៅថ្ងៃទី២៥ ខែមីនានេះមានកីឡាករចូលរួមសរុប ៨៨នាក់ ដោយត្រូវប្រកួតចាញ់ធ្លាក់នៅវគ្គបឋម មកនៅ៤៤នាក់ ហើយបន្តជម្រុះមកសល់២២នាក់ចុងក្រោយ ទើបគណៈកម្មការរៀបចំការប្រកួតចែកចេញជា៤ក្រុម ក្នុងនោះ២ក្រុមមាន៥នាក់ដូចគ្នា និង២ក្រុមទៀតមាន៦នាក់ស្មើគ្នា។

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទនៃក្រុមទាំង៤ គឺយកកីឡាករ២នាក់មានពិន្ទុខ្ពស់ជាងគេនៃក្រុមទាំង៤នឹងត្រូវឡើងទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង។ លោក ហូយ សូណា ពន្យល់ពីរូបមន្តប្រកួតបន្ថែមថា ក្នុង១ប្រកួតត្រូវលេង២ក្តារ ហើយបើរកឃើញអ្នកឈ្នះ ១ប្រកួតនោះនឹងត្រូវបញ្ចប់ ប៉ុន្តែក្នុងករណីស្មើគ្នា នោះការប្រកួតនឹងបន្តនៅក្តារទី៣ ហើយបើស្មើទៀតនោះ គណៈកម្មការនឹងកាត់សេចក្តីដោយយោងលើថិរៈវេលានៃការប្រកួត ដែលកីឡាករប្រើអស់ថិរៈវេលាច្រើនជាងគេនឹងចាញ់ការប្រកួត៕
ដោយ ហេង ណាលីន





