ផតថល អត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦—នៅសណ្ឋាគារសាន់ & មូន រីវើសាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយក្រសួងផែនការ បានរៀបចំ «ពិធីប្រកាសដាក់ឱ្យដំណើរការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា(DSPP)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

ការដាក់ឱ្យប្រើប្រាស់ ផតថល IDPoor លើថ្នាលឌីជីថល DSPP នេះ គឺជាការសម្រេចបាននូវបង្គោលចរថ្មីមួយបន្ថែមទៀត ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយធ្វើទំនើបកម្មការគ្រប់គ្រងទិន្នន័យ និងពង្រឹងការធ្វើអន្តរប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ជួយបង្កើនប្រសិទ្ធភាព តម្លាភាពក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងការផ្តល់សេវាគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធជាច្រើន ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ សរុបប្រមាណ ២ ០០០ នាក់ ៕

ដោយ៖ ណយ នឿន (ប្រភព៖គាំពារសង្គមឌីជីថល)





