អង្គការ Nature Life ធ្វើផែឆ្អើរត្រីបណ្ដែតទឹក ជូនសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--ផែឆ្អើរត្រី និងប្រព័ន្ធចម្រោះទឹកត្រូវបាន អង្គការ Nature Life ផ្ដល់ជូនសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៦នេះ ។

ផែឆ្អើរត្រីបណ្ដែតទឹកទំហំ ៥ ម៉ែត្រគុណ ៩ ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងបានប្រគល់ជូនសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ដើម្បីសម្រួលដល់ដំណើរការផលិតកម្មត្រីឆ្អើរ ត្រីទន្លេ របស់ក្រុមសហគ្រាសសហគមន៍អភិរក្សទន្លេសាប មួយនេះ។

ផែនេះស្ថិត ក្រោមថវិកាគាំទ្រពីមូលនិធិបរិស្ថាន GEF SGP UNDP អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានសម្របសម្រួលសាងសង់ផែបណ្តែតទឹកចំនួន ១ ខ្នង មានទំហំ ៥ ម៉ែត្រគុណ ៩ ម៉ែត្រ ធ្វើពីឈើ និងដំបូលប្រក់ស័ង្កសី រួមជាមួយប្រព័ន្ធចម្រោះទឹកស្អាតខ្នាតតូច ១ ឈុតផងដែរ។ ផែបណ្ដែតទឹក និងប្រព័ន្ធចម្រោះទឹកនេះនឹងជួយបង្កើនផលិតភាពកែច្នៃ ត្រីឆ្អើរ ត្រីទន្លេ បង្កើនលទ្ធភាពក្នុងការទុកដាក់ និងអនាម័យបន្ថែម ជាពិសេសផ្ដល់នូវទីតាំងសមស្របដើម្បីឱ្យសមាជិកស្រ្ដីក្នុងសហគមន៍បានចូលរួមកាន់តែច្រើនបន្ថែមទៀត។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិបរិស្ថាន GEF SGP UNDP ដែលបានគាំទ្រដំណើរការត្រីទន្លេ ៕
ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





