បណ្ណកម្មសិទ្ធិជាង ៤ ពាន់បណ្ណ ត្រូវបានប្រគល់ជូនពលរដ្ឋភូមិស្វាយស ស្រុកភ្នំស្រុក យ៉ាងសប្បាយរីករាយ
AKP បន្ទាយមានជ័យថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២៦--ស្នាមញញឹម និងក្ដីសង្ឃឹមថ្មីបានរីកសាយភាយពេញវត្តស្វាយស ខណៈដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចជោគជ័យក្នុងការផ្តល់នូវ "សន្លឹកអាត់" នៃសុវត្ថិភាពដីធ្លី ជូនដល់ប្រជាពលរដ្ឋជាង ៤ ពាន់គ្រួសារ ដើម្បីបញ្ចៀសជម្លោះ និងជំរុញសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណក្បាលដី) ចំនួន ៤,០០៤ បណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងរបាយការណ៍បច្ចេកទេស លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានគូសបញ្ជាក់ថា ការទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងយូរអង្វែង។

លោកបានបញ្ជាក់ថា មុនឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ម្ចាស់ក្បាលដីទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួន ៥ យ៉ាងម៉ត់ចត់បំផុត។ លទ្ធផលថ្ងៃនេះ កើតចេញពីការចូលរួមសហការយ៉ាងល្អប្រសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋជាមួយក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដែលធ្វើឱ្យដំណើរការតាំងពីការវាស់វែងរហូតដល់ការចេញបណ្ណប្រព្រឹត្តទៅដោយរលូន។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក លៀម សុដា អភិបាលរងខេត្ត បានលើកឡើងពីសារៈសំខាន់មិនអាចខ្វះបាននៃបណ្ណកម្មសិទ្ធិដីធ្លី ក្នុងយុគសម័យអភិវឌ្ឍន៍។ លោកបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុតរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បី ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី បញ្ចប់រាល់ការព្រួយបារម្ភពីការរំលោភបំពាន។ កាត់បន្ថយទំនាស់ដីធ្លី បង្កើតនូវសន្តិសុខផ្លូវច្បាប់ច្បាស់លាស់រវាងអ្នកជិតខាង និងដៃគូអភិវឌ្ឍន៍។ជំរុញទីផ្សារដីធ្លី បង្កើនតម្លៃសេដ្ឋកិច្ចនៃក្បាលដី និងងាយស្រួលក្នុងការប្រើប្រាស់ជាទុនសម្រាប់អាជីវកម្ម។ កាត់បន្ថយភាពក្រីក្រ ផ្តល់លំនឹងជីវភាព និងស្ថេរភាពសង្គម។
ជាមួយនោះលោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី និងក្រុមការងារមន្ទីរជំនាញ ដែលបានធ្វើការយ៉ាងមមាញឹកមិនគិតពីការនឿយហត់ ដើម្បីបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ។
ងាកមកមើលទឹកមុខរបស់បងប្អូនប្រជាពលរដ្ឋវិញ ម្នាក់ៗបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីទទួលបានបណ្ណក្នុងដៃ។ ស្ត្រីវ័យចំណាស់ម្នាក់ដែលជាអ្នកភូមិស្វាយស បានរៀបរាប់ទាំងទឹកមុខញញឹមថា "ខ្ញុំសប្បាយចិត្តណាស់ កន្លងមកធ្លាប់តែបារម្ភខ្លាចបាត់បង់ដី ឬមានជម្លោះ ប៉ុន្តែពេលនេះមានបណ្ណរឹងមាំក្នុងដៃហើយ ខ្ញុំលែងភ័យទៀតហើយ។ អរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានជួយវាស់វែង និងធ្វើបណ្ណនេះឱ្យពួកខ្ញុំ"។
សូមបញ្ជាក់ថាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅវត្តស្វាយសនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៩ថ្ងៃ (ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦)។ ចំពោះបងប្អូនដែលមិនបានមកទទួលតាមកាលកំណត់ខាងលើ សូមអញ្ជើញទៅទទួលនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេលឡើយ៕
ដោយ៖ ឈុនសារ៉ាត





