អតីតយុទ្ធជនពិការដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មីអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
AKP កំពង់ធំថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងលោក យ៉ង់ វិសាលអភិបាលរងស្រុកតាំងគោកកាលពីរសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មី០១ខ្នងដែលជាខ្នងទី២៣ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

លោក ឡាច វណ្ណា អាយុ ៦៣ឆ្នាំ បានរៀបរាប់ថាលោកធ្លាប់បានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣នៅអង្គភាព វរសេនាតូចលេខ៣ ចំណុះវរសេនាធំលេខ២០ ឈរជើងនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានឋានន្តរសក្ដិ អនុសេនីយ៍ទោ ហើយត្រូវបានរងរបួសពិការនៅក្នុងសមរភូមិនីពេជ ក្នុងឃុំនីពេជស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២។ក្រោយមកត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនប្រភេទពិការនៅឆ្នាំ១៩៩៨ ។ លោកអនុសេនីយ៍ទោ ឡាច វណ្ណា មានភរិយា ឈ្មោះ ឡឹង ហិន អាយុ ៦៤ឆ្នាំ មានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន៦នាក់ នៅក្នុងបន្ទុក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ហើយកន្លងទៅនេះ នៅស្រុកតាំងគោក ខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន២៣ខ្នងជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ឡាច វណ្ណា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែរ។

លោក ឡាច វណ្ណា អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នងដែលជាខ្នងផ្ទះទី២៣ នៅស្រុកតាំងគោក និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារគាត់នាពេលនេះនិងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





