គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារបើកកិច្ចប្រជុំបូកសរុបលទ្ធផលនិងលើកទិសដៅអនុវត្តបន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងលើកទិសដៅអនុវត្តបន្តខែមេសាឆ្នាំ ២០២៦ នៅមន្ទីរកិច្ចការស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួម លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធាន គ.ក.ស.ក នឹងអង្គការដៃគូផងដែរ។

ក្នុងឱកាសនោះលោកជំទាវ តុង ណារី បានមានប្រសាសន៍ថា ភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងវិស័យការងារសេវាសង្គមនិងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។

ទន្ទឹមនឹងនេះលោកជំទាវបានបន្តថា ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ សមាជិកសមាជិការទាំងអស់ លើកជាសំនួរស្នើដល់អង្គប្រជុំទាំងមូលសូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីរួមគ្នាកែសម្រួលទៅលើរបាយការណ៍ សំដៅធ្វើឱ្យរបាយការទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ក្នុងបរិបទនេះលោកជំទាវប្រធានគណៈកម្មាធិការ បានបញ្ជាក់ទៀតថា ហេតុផលជាកម្មវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅធ្វើយ៉ាងណា ការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ។

ការរៀបចំឲ្យមានប្រព័ន្ធការការពារកុមារមួយគ្រប់ជ្រុងជ្រោយ វាមិនមែនជាកិច្ចការរបស់ក្រសួង ស្ថាប័ន ឬរបស់អង្គការដៃគូណាមួយឡើយ ក៏ប៉ុន្តែវាជាកិច្ចការរបស់យើងទាំងអស់គ្នា ដែលក្នុងនោះរួមមាន ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ មតាបិតា អ្នកអាណាព្យាបាល និងកុមារខ្លួនឯងផ្ទាល់ផងដែរ ដែលកិច្ចការនិងតួនាទីរបស់អ្នកទាំងអស់គ្នាខាងលើនេះ ត្រូវបានដាក់បញ្ចូល នៅក្នុងឯកសារគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារស្ត្រីនិងកុមារ៕
ដោយ ៖បៃ ស៊ីថុន





