ក្រសួងបរិស្ថាន និង អ្នកពាក់ព័ន្ធធ្វើការរួមគ្នាលើគម្រោងធានាធនធានចាំបាច់ ដើម្បីជំរុញសកម្មភាពអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា គឺជាជំហានដ៏សំខាន់មួយ របស់កម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា»កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ឱ្យដឹងថា ការចូលរួមចំណែករបស់អង្គការ UNDP ដែលជាដៃគូយ៉ាងជិតស្និទ្ធ និងជាស្ថាប័នមួយ ដែលមានការទទួលស្គាល់ពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការរៀបចំសំណើគម្រោងនេះឡើង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សំណើគម្រោងហិរញ្ញប្បទាន GCF ផ្អែកលើលទ្ធផលរបស់ REDD+ នេះគឺ ស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ៗ របស់កម្ពុជា ជាពិសេស «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (២០២៤-២០៣៣) ផែនការរួមចំណែករបស់ជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តំណាក់កាលទី៣ (NDC3.0) ផែនការប្រើប្រាស់ដីធ្លី សហគមន៍អព្យាក្រឹតកាបូន និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងស្តារព្រៃឈើដែលរេចរឹលឡើងវិញតាមរយៈការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ។ វាក៏គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) របស់យើងផងដែរ ដោយធានាថាប្រទេសកម្ពុជានៅតែស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកយ៉ាងខ្លាំងដល់គោលដៅអាកាសធាតុសកល។

សូមបញ្ចាក់ថាវេទិកានេះរៀបចំឡើង ដោយលេខាធិការដ្ឋានកិច្ចការឥណទានកាបូន នៃក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្តល់ឱកាសដ៏មានសារៈសំខាន់មួយ ដែលអ្នកចូលរួមអាចផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន ពីមូលនិធិអាកាសធាតុបៃតង សម្រាប់ការទូទាត់ ផ្អែកលើលទ្ធផល សម្រាប់កម្មវិធី REDD+ នៅកម្ពុជា៕
ដោយ៖ មករា





