សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងបាននិងកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ច អតិពលកម្មនិងការពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់មូលដ្ឋានសេដ្ឋកិច្ចចម្រុះដែលផ្អែកលើចំណេះដឹង ជំរុញដោយនវានុវត្តន៍
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦--«ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា ប្រកបដោយគុណតម្លៃ គឺជាការបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ។ ជាង២ទសវត្សរ៍កន្លងមកនេះ យើងបាននិងកំពុងធ្វើពិពិធកម្មដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ច អតិពលកម្មនិងការពឹងផ្អែកលើកសិកម្មប្រពៃណី ទៅកាន់មូលដ្ឋានសេដ្ឋកិច្ចចម្រុះដែលផ្អែកលើចំណេះដឹង ជំរុញដោយនវានុវត្តន៍ ផ្តល់នូវតម្លៃបន្ថែម និងមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង»។ នេះជាការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងសារលិខិត អបអរទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហោះតាមបណ្ដាញសង្គម នាព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាព ប្រកួតប្រជែង និងភាពធន់លើគ្រប់វិស័យ ក្នុងបរិការណ៍ដែលបណ្តាប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា។
សារលិខិតដដែលបានរំលេចថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងប្រជាជនកម្ពុជាទាំងអស់ធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យក បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។
ក្នុងដំណាក់កាលថ្មីនៃដំណើរអភិវឌ្ឍជាតិ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន ដោយគ្រប់ប្រទេសអភិវឌ្ឍន៍សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម និងប្រព័ន្ធថ្មីៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុខុមាលភាពរបស់ប្រជាជាតិទាំងមូល និង ជាភាពខ្លាំងសម្រាប់គាំទ្រសន្តិសុខជាតិរយៈពេលវែង។ ដោយហេតុនេះ ទើបរាជរដ្ឋាភិបាលបង្កើត មូលនិធិ ស្រាវជ្រាវជាតិជាបរធនបាលកិច្ច ដើម្បីគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។
នេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរដំណើរវិវត្តរបស់យើងពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា និងពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជាប្រទេសអ្នកបង្កើតចំណេះដឹង និងបច្ចេកវិទ្យានៅក្នុងតំបន់ នាពេលអនាគត។ បញ្ញាសិប្បនិម្មិតកំពុងលេចធ្លោជាបច្ចេកវិទ្យាមួយដែលមានការផ្លាស់ប្តូរលឿនបំផុត ហើយ ក៏ជាឱកាសសម្រាប់កម្ពុជាទាញយកផលប្រយោជន៍ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយសក្តានុពលក្នុងការជំរុញកំណើនផលិតភាព និងគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
បើតាមសម្ដេចធិបតី ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នេះ ជាសក្ខីកម្មនៃការអនុវត្តអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យក្រសួងស្ថាប័នរដ្ឋគ្រប់កម្រិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ធ្វើការជាមួយគ្នាប្រកបដោយសហថាមពល។ ជាក់ស្តែងទិវាជាតិនេះបានប្រមូលផ្តុំសិស្ស-និស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្ត្រីរាជការ ដៃគូអភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធមក ចូលរួមក្នុងពិព័រណ៍ ការប្រកួតប្រជែង វេទិកាពិភាក្សា និងសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និងនវានុវត្តន៍របស់កម្ពុជា។
ការណ៍នេះរម្លឹកឱ្យយើងដឹងថា នវានុវត្តន៍មិនមែនជាកម្មសិទ្ធិរបស់ក្រសួងតែមួយ ឬ សម្រាប់តែវិស័យណាមួយឡើយ តែវាជាវប្បធម៌ដែលយើងត្រូវបណ្តុះតាំងពីនៅក្នុងផ្ទះ សាលារៀន សាកលវិទ្យាល័យ រោងចក្រ កសិដ្ឋាន សហគមន៍ កន្លែងធ្វើការ និងក្នុងគ្រប់រូបភាពនៃជីវភាពរស់នៅប្រចាំថ្ងៃនៅទូទាំងប្រទេស។ ទីកន្លែងណា ពេលណា អ្នកណា ក៏អាចបង្កើតនវានុវត្តន៍បានដែរ៕
ដោយ៖ គង់ សិរីរ័ត្ន





