អាជ្ញាធរខេត្តកំពង់ចាមចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការរដ្ឋបាលចំហ ដល់ម្ចាស់រោងចក្រ
AKP កំពង់ចាម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកំពង់ចាមដែលមានក្រុមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចរបស់រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត និងជា ប្រធានលេខាធិការដ្ឋាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះទៅផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការរដ្ឋបាលចំហលើរោងចក្រ ចំនួន ០៥កន្លែងដែលមានទីតាំងក្នុង ភូមិសាស្ត្ររបស់ខេត្ត។
ក្នុងឱកាសចុះផ្សព្វផ្សាយ លោក ខ្លូត ចិន្តា តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្រុមការងារលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចរដ្ឋបាលខេត្តបានលើកឡើងថា ការចុះធ្វើរដ្ឋបាលចំហ គឺដើម្បីបញ្ជ្រាបការយល់ដឹងអនុក្រឹត្យណែនាំលេខ០៣ របស់រាជរដ្ឋាភិបាលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្ដុំ រួមមាន៖ ផ្ទះសំណាក់ បន្ទប់ជួលសិប្បកម្ម រោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីធានាសុវត្តិភាព និងដំណើរការអាជីវកម្មប្រកបរបរទទួលទាន ស្របតាមអនុក្រឹត្យណែនាំលេខ០៣របស់រាជរដ្ឋាភិបាល។


លោកអភិបាលរងខេត្តបានបញ្ជាក់ថា បញ្ហា Scams Online គឺជាចំណុចក្ដៅនៅលើពិភពលោក និយាយជារួម និងដោយឡែក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តដាក់ជាខ្លាំង ហើយបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online ដោយណែនាំដល់រដ្ឋបាលរាជធានី ខេត្ត នៅទូទាំងប្រទេស ត្រូវម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់បញ្ហានេះ កុំឱ្យកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តចុះអនុវត្ត ឱ្យដូចភ្លៀងរលឹម ហើយនៅក្នុង ភូមិសាស្ត្ររបស់ខេត្តកំពង់ចាម ពុំមានបញ្ហា Scams Online។

លោកបានលើកបញ្ជាក់ថា តាមការណែនាំឯកឧត្តមអភិបាលខេត្តកំពង់ចាម បានស្នើដល់ស្ថាប័នជំនាញអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យខេត្តកំពង់ចាម មានអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams តទៅអនាគត។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតាមដានសង្កេតឃ្លាំមើល និងផ្ដល់ការរាយការណ៍ មកអាជ្ញាធរ សមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្នុងវិធានការអនុវត្តវិធានការរដ្ឋបាលចំហរួមនឹងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ ស្តីពីការបង្គ្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើលើរោងចក្រចំនួន៥ រួមមាន៖ រោងចក្រកាត់ដេរ លី ឈាងខប់ រោងចក្រ Shanhua (ខេមបូឌា) ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងរោងចក្រ ប៉ូលី ធីមផិច(ខេមបូឌា) រោងចក្រ ទឹម យ៉ូអឹភេវិល(ខេមបូឌា) និងសិប្បកម្ម រ៉ុង ប៉ីស៊ិន(ខេមបូឌា) ស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕
ដោយ ឆាយ ម៉ុត





