ស្ថានទូតជប៉ុន និងJICA នាំអ្នកសារព័ត៌មានទៅធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតក្នុងរាជធានីភ្នំពេញ
AKP ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--ស្ថានទូតជប៉ុន និងការិយាល័យ JICA ប្រចាំកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)សម្រាប់អ្នកសារព័ត៌មានកម្ពុជា។ដំណើរទស្សនកិច្ចនេះមានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី ២៣ និង២៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ស្ថានទូតជប៉ុន និងការិយាល័យ JICA ប្រចាំកម្ពុជាបាននាំអ្នកសារព័ត៌មានទៅធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតក្នុងរាជធានីភ្នំពេញ ដើម្បីសង្កេតមើលពីលទ្ធផលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន។


បើតាមស្ថានទូជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី30 នៃកិច្ចសហប្រតិបត្តិការរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ហើយថា ជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់៕


ដោយ វាសនា





