រដ្ឋមន្រ្តីសុខាភិបាល៖ «យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត»
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «យើងចូលរួមទាំងអស់គ្នា ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជា និងទូទាំងពិភពលោក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត»។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រារព្ធទិវានេះឡើងក្នុងគោលបំណងបន្តជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងបន្ថែម ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូននូវអនុសាសន៍មួយចំនួន សម្រាប់ជាការងារអាទិភាព រួមមាន៖ ១) ខិតខំសម្រេចឱ្យបានការកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរបេង ស្របតាមយុទ្ធសាស្រ្តជាតិ ២) ការផ្តល់ការព្យាបាលកម្រិតខ្ពស់ និងជោគជ័យ សម្រាប់អ្នកជំងឺករណីថ្មី និងករណីលាប់ ៣) បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ តាមរយៈការពង្រឹងកិច្ចសហការជាមួយដៃគូឯកជន ៤) ពង្រីកបន្ថែមមន្ទីរពិសោធន៍ទំនើប សម្រាប់ការធ្វើតេស្តដំបូងនៅទូទាំងប្រទេស និង៥)បន្តអនុវត្តវិធីសាស្រ្តស្វែងរកក្រុមជនងាយរងគ្រោះ និងការរើសអើង និងធ្វើឱ្យសេវាសុខាភិបាលទៅដល់ពលរដ្ឋផ្ទាល់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៦ ដើម្បីរួមចំណែកឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ដ៏ដូចជាទូទាំងសកលលោក។

ទិវានេះរៀបចំនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិល អង្គការដៃគូនានា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និស្សិត សរុបចំនួន៣៥០រូប៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





