សិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ.) ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជននៅវិទ្យាល័យទូកមាស ខេត្តកំពត។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកាយុវជន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ.) បានរំលេចនូវតួនាទី និងការទទួលខុសត្រូវរបស់យុវជនដោយសង្កត់ធ្ងន់ថា យុវជនមានតួនាទីសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដោយត្រូវខិតខំសិក្សារៀនសូត្របន្ថែមចំណេះដឹងថ្មីៗ ជាពិសេសភាសាអង់គ្លេស បច្ចេកវិទ្យា និងជំនាញប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីទាញយកអត្ថប្រយោជន៍ និងបង្ការហានិភ័យដែលអាចកើតមាន ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចូលរួមសកម្មភាពសង្គមនានាដើម្បីពង្រឹងសមត្ថភាព និងកសាងទំនាក់ទំនង។

យុវជនត្រូវគោរពច្បាប់ អនុវត្តតាមសេចក្តីណែនាំ និងមានវិន័យខ្ពស់ រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិរួមមានវប្បធម៌ និងប្រពៃណី ព្រមទាំងចូលរួមការពារប្រទេសជាតិ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យុវជនគួរចៀសវាងអំពើអបាយមុខ និងគ្រឿងញៀន ចេះជួយការងារឪពុកម្ដាយ មានភាពរួសរាយរាក់ទាក់ និងគោរពគ្នាទៅវិញទៅមក។ យុវជនគួរដឹងគុណដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ដែលបានខិតខំរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានឱកាសដូចសព្វថ្ងៃ។ ដោយឡែកត្រូវប្រព្រឹត្តខ្លួនឱ្យសមស្របជាកុលបុត្រខ្មែរ ជាមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព។

ក្នុងឱកាសនេះ លោកជំទាវបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗដែលវាគ្មិននឹងបង្ហាញក្នុងសិក្ខាសាលានេះដែលសុទ្ធតែជាមេរៀន និងព័ត៌មានល្អៗសម្រាប់ជាជំនួយដល់ការសិក្សារបស់ប្អូនៗនាពេលបច្ចុប្បន្ន និងមានប្រយោជន៍សម្រាប់ប្អូនៗដែលបន្តការសិក្សា ក៏ដូចជាជីវិតការងារជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





