អភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរត្រូវធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រជូនពលរដ្ឋឱ្យបានឆាប់រហ័ស
AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាន ណែនាំដល់អាជ្ញាធរ ត្រូវធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងជាក់ស្តែងបំផុត។ លោកអភិបាលស្រុកបានធ្វើការណែនាំដូច្នេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងសិក្សាស្វែងយល់ពីតម្រូវការ ទុក្ខលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការផ្ដល់បណ្ណក្រីក្រ ឬបណ្ណសមធម៌ជូនពុកម៉ែបងប្អូន ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង ជាពិសេសអាចប្រើប្រាស់ប័ណ្ណនេះតាមតម្រូវការជាក់ស្ដែងដូចជាការទៅទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនដៃគូជាដើម ដែលជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លោកអភិបាលស្រុកក៏បានណែនាំដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមប្រើប្រាស់ថវិកាកម្ចីនានាឱ្យបានសមស្របត្រឹមត្រូវ មានផែនការច្បាស់លាស់ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឱ្យប្រសើរឡើង ផ្ទុយទៅវិញយើងមិនត្រូវប្រើប្រាស់កម្ចីនានាខុសពីគោលការណ៍ សេដ្ឋកិច្ចឬអភិវឌ្ឍឡើយវានឹងរិតតែធ្វើឱ្យសេដ្ឋកិច្ចគ្រួសារយើងមានបញ្ហាថែមទៀត ហើយអាជ្ញាធរឃុំ ត្រូវពិនិត្យតាមដាន និងទប់ស្កាត់រាល់កម្ចីខុសច្បាប់នានាដែលរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោងបានជម្រាបអំពីគម្រោងអភិវឌ្ឍដ៏ធំមួយ។រាជរដ្ឋាភិបាល វិនិយោគិនបានអភិវឌ្ឍនៅក្នុងឃុំសំព្រោជ និងឃុំចំណាក្រោម ដែលមានផ្ទៃដីប្រមាណ៣ពាន់ហិកតា ជាមួយគម្រោងថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិកនិងជួយបង្កើតកន្លែងពលកម្មជូនពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណជា២០០០នាក់ ដែលជាគម្រោងវារីវប្បកម្មចិញ្ចឹមខ្យងយកគុជ កំពុងដំណើរការសាងសង់។

លោក សាយ គឹមឡម ក៏បានណែនាំបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោម ត្រូវខិតខំផ្តល់សេវាជូនពលរដ្ឋប្រកបដោយប្រសិទ្ធមភាពឆាប់រហ័ស ដល់ជណ្ដើរផ្ទះ ជាមន្ត្រីដែលនៅរួមរស់រួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ចុះប្រាស្រ័យទាក់ទង និងសិក្សាស្វែងយល់ពីសំណូមពរ តម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋខ្លួន មិនមែនជាមន្ត្រីជើងដប់។នៅក្នុងឱកាសនោះលោកអភិបាលស្រុកស្ទោង បានចែកជូនគ្រឿងឧបភោគបរិភោគមួយចំនួនជូមដល់ពលរដ្ឋចំនួន២០គ្រួសារផងដែរ៕
ដោយ ស៊ុម វណ្ណា





