ក្រសួងផែនការ ប្រកាសដាក់ឱ្យដំណើរការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- សមិទ្ធផលទាំងឡាយ ពិសេសការធ្វើឌីជីថលូបនីយកម្មលើយន្តការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ ជាជំហានៗ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ ដែលប្រែក្លាយរំហូរការងារពីការធ្វើកិច្ចការដោយដៃ រហូតដល់ការធ្វើកិច្ចការតាមប្រព័ន្ធឌីជីថលទាំងស្រុង។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការក្នុងពិធីប្រកាសដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ប៊ិន ត្រឈៃ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការ “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា” ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ពោលគឺ ធ្វើទំនើបកម្ម និងសុខដុមនីយកម្ម ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួម នៃផ្ទាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្របរិវត្តកម្ម ឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។ ឯកឧត្តម រដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការថ្លែងបន្ថែមថា ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឬ ID Poor Portal របស់ក្រសួងផែនការ គឺជាប្រព័ន្ធឌីជីថល ដ៏មានសារៈសំខាន់ ពិសេស បម្រើជាប្រភពទិន្នន័យគោលមួយ សម្រាប់គាំទ្រការអនុវត្ត កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យសុខាភិបាល, កម្មវិធីជាតិជំនួយសង្គម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីអភិវឌ្ឍមូលធនមនុស្សនានា។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានអះអាងផងដែរថា៖ «ការណ៍នេះបញ្ជាក់ថា, ID Poor មិនត្រឹមតែជាមូលដ្ឋានទិន្នន័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធ ទិន្នន័យសង្គមដ៏ចាំបាច់ ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងតម្លាភាពខ្ពស់»។

ជាមួយគ្នានេះ ឯកឧត្តម ចនណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងថា ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដែលមានចរិតលក្ខណៈជាការអនុវត្ត “បែបឌីជីថលទាំងស្រុង ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងទៅដល់អ្នកទទួលផល” មិនត្រឹមតែរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព សុក្រឹតភាព និងបរិយាបន្ន ក្នុងការគ្របដណ្តប់ ការគាំពារពលរដ្ឋគោលដៅ ស្របតាម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០២៥ ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដោយផ្ទាល់ផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរការ “ផតថល IDPoor លើថ្នាលឌីជីថល DSPP” នៅថ្ងៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រង ទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា «ផតថលនេះ ត្រូវបានអភិវឌ្ឍន៍ឡើងជាមុខងារ ស្នូលមួយ នៅលើផ្ទាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តន៍ជាដំណាក់កាល និង កំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និង គ្រប់គ្រងទិន្នន័យដែលមានភាពសុក្រឹត, សង្គតិភាព, និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម»។


ដោយ៖ មករា





