អត្ថប្រយោជន៍នៃគម្រោងស្តាប្រឡាយទឹកបុរាណ២ខ្សែ ជួយគ្រប់គ្រងទឹកក្នុងតំបន់អង្គរ និងរក្សាទឹកទុកស្រោចស្រពដំណាំប្រជាពលរដ្ឋ
AKP សៀមរាប ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែងសរុប៤៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប ត្រូវបានស្តាររួចរាល់ជាស្ថាពរ ដោយអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់។ រយៈពេលជាង២ឆ្នាំបន្ទាប់ពីស្តាររួច ប្រឡាយទឹកបុរាណទាំង២ខ្សែនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់តំបន់វប្បធម៌អង្គរ និងការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋ។

មន្រ្តីគ្រប់គ្រងគម្រោងខាងលើនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ពីអត្ថប្រយោជន៍នៃការស្តារប្រឡាយបុរាណទាំងពីរខ្សែនេះថា វាអាចគ្រប់គ្រងទឹកក្នុងតំបន់អង្គរប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ ហើយវាថែមទាំងបានរួមចំណែកក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ ពីក្រុងសៀមរាប និងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផងដែរ។ ហើយប្រឡាយទាំង២ខ្សែនេះដែរ ក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរនិងដឹកជញ្ជូនកសិផលបាន។

មន្ត្រីរូបនោះបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះមានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជាភូមិគោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ហើយជាមួយគ្នានេះ ក៏មានពលរដ្ឋនៅភូមិខ្លះទៀត បានទទួលផលដោយប្រយោលពីប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែជាដើម។

ហើយដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្រ្តឃុំដូនកែវ ស្រុកពួកនេះឱ្យកាន់តែមានប្រសិទ្ធភាព គម្រោងក៏បានធ្វើការសាងសង់សំណង់ធារាសាស្ត្រមួយចំនួននៅតាមបណ្តោយប្រឡាយទាំងនេះថែមទៀត ដូចជាសំណង់ទ្វារទឹកថ្មីចំនួន៤កន្លែង សំណង់បង្ហៀរទឹក១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១០០០ម៉ែត្រ៕
ដោយ ហង្ស សៀក





