ឯកឧត្ដម ហ៊ុន សុរិទ្ធី៖ ត្រូវស្វែងយល់ពីអនុក្រឹត្យ០៣ បើមិនដូច្នេះបងប្អូនប្រឈមការផាកពិន័យធ្ងន់ធ្ងរ និងមានទោសទណ្ឌថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន លំនៅឋានស្នាក់នៅ សណ្ឋាគារ អគារសហកម្មសិទ្ធិទាំងអស់ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។

ឯកឧត្ដម ហ៊ុន សុរិទ្ធី បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈឯកឧត្ដមតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្ដម ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បកខាងលើ ជាមួយនឹងការបង្កឱ្យមានការចោទជាសំណួរពីបងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្ម សិទ្ធិ និងលំនៅឋានស្នាក់នៅក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បកនេះ។
ឯកឧត្ដមបានបន្ថែមថា យោងតាមអនុក្រឹត្យលេខ០៣អនក្រ.បក បើម្ចាស់ទីតាំងជួលឱ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ចុះបើ១០ទៅ២០នាក់ ថាតើនឹងអស់លុយប៉ុន្មាន។ ដូច្នេះសូមបងប្អូនជាម្ចាស់ទីតាំងស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យនេះ ចៀសវាងទទួលការផាកពិន័យធ្ងន់ធ្ងរហើយ មានទោសទណ្ឌថែមទៀត។

ក្នុងឱកាសនោះដែរឯកឧត្ដមឆាយ វីរៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបង្កើតឱ្យមានអនុក្រឹត្យ លេខ០៣ អនក្រ.បកនេះឡើង គឺក្នុងគោលបំណងសម្រួលដល់ការអនុវត្តកិច្ចប្រតិបត្តិការរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការអញ្ជើញបងប្អូនមកស្តាប់នៅពេលនេះគឺដើម្បីឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បកនេះ ហើយបើមានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។

សូមបញ្ជាក់ថា យោងតាមមាត្រា១៩នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕
ដោយ សួស សំរិត





