អភិបាលខេត្តបន្ទាយមានជ័យជំរុញការប្រើប្រាស់ "មាតិកាថវិកាថ្មី" ដើម្បីពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- ដើម្បីធានាឱ្យរាល់កញ្ចប់ថវិកាជាតិក្លាយជាសរសៃឈាមដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការផ្សព្វផ្សាយស៊ីជម្រៅអំពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្មី សំដៅធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ" នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា ការយល់ដឹងច្បាស់អំពីមាតិកាថវិកា មិនមែនគ្រាន់តែជារឿងបច្ចេកទេសលេខកូដប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះនៃ "អភិបាលកិច្ចល្អ"។

ឯកឧត្តមបានមានប្រសាសន៍ថា "ការអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចថ្មីនេះ គឺជាការធានាថា រាល់ថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ និងជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ប្រកបដោយតម្លាភាពបំផុត។"
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានពន្យល់យ៉ាងស៊ីជម្រៅថា ការធ្វើទំនើបកម្មតាមប្រកាសលេខ ១១៥៨ សហវ.ប្រក.អរតន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ធ្វើឱ្យប្រព័ន្ធគណនេយ្យរដ្ឋស៊ីចង្វាក់គ្នាជាមួយស្តង់ដារអន្តរជាតិ។ ជួយឱ្យអង្គភាពថវិកាងាយស្រួលក្នុងការធ្វើផែនការ ចំណាយ និងត្រួតពិនិត្យ ជៀសវាងការភាន់ច្រឡំកូដថវិកាដូចមុន។

កាត់បន្ថយកំហុសបច្ចេកទេសក្នុងការអនុវត្តជាក់ស្តែង ជាពិសេសនៅកម្រិតរដ្ឋបាលឃុំ-សង្កាត់។ ជាការរំលឹកដាស់តឿនដល់មន្ត្រីអនុវត្ត ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវក្តាប់ឱ្យជាប់នូវខ្លឹមសារបច្ចេកទេសថ្មីនេះ។ ឯកឧត្តមបានបញ្ជាក់ថា បើការរៀបចំថវិកាមិនច្បាស់លាស់ វានឹងក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់តែម្តង។

សូមជម្រាបថា កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំ "ធំ" នៃសាលាខេត្តនេះ ក៏បានបើកឱកាសឱ្យមានការជជែកដេញដោល និងពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីដោះស្រាយរាល់ចម្ងល់បច្ចេកទេស ធានាឱ្យការត្រឡប់ទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនប្រព្រឹត្តទៅដោយរលូន និងគ្មានកំហុសឆ្គង៕

ដោយ ឈុន សារ៉ាត





