អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យប្រជាពលរដ្ឋឃុំតាំងក្រូចបន្តបង្កបង្កើនផល និងយកចិត្តទុកដាក់លើសុវត្ថិភាពធ្វើដំណើរ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាណក្នុងពិធីបុណ្យឆ្លងសាលាធម្មសាលា និងសមិទ្ធផលនានា នៅវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចូលអបអរសាទរចំពោះព្រះចៅអធិការវត្ត ដែលបានខិតខំប្រឹងប្រែងដឹកនាំកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ តាមរយៈការចូលរួមចំណែកពីសប្បុរសជនជិតឆ្ងាយ។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះមិនត្រឹមតែបម្រើឱ្យវិស័យសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ក្នុងឃុំតាំងក្រូច ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងខ្វាត់ខ្វែង ដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញនូវការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី ឯកឧត្តមបានពាវនាវយ៉ាងទទូចដល់អាណាព្យាបាល និងឪពុកម្តាយ សូមជួយដាស់តឿន និងរំលឹកកូនចៅដែលជាកម្មករ កម្មការិនី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរមិនថាជិតឬឆ្ងាយ ដើម្បីការពារអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ ។ ឯកឧត្តមបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងក្រូច ក៏ដូចជាទូទាំងស្រុកសំរោងទង បន្តខិតខំប្រឹងប្រែងបង្កបង្កើនផល កែលម្អបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារ។ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីមានកម្លាំងមាំមួនក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ឯកឧត្តមបានសង្កត់ធ្ងន់ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការទប់ស្កាត់ក្មេងទំនើង និងបង្រ្កាបល្បែងស្គេមអនឡាញ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសហគមន៍ឱ្យមានភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ និងបងប្អូនកម្មករ កម្មការិនី បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាលតាមដងផ្លូវ ឬទីសាធារណៈ និងតាមតំបន់ទេសចរណ៍ក្នុងខេត្ត និងនាពេលខាងមុខនេះរដ្ឋបាលខេត្តនឹងរៀបចំពិធី "បុណ្យភ្នំ" ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនោះរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍"កំពង់ស្ពឺសង្រ្កាន្ត" យ៉ាងអធិកអធម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី បានចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយ និងសិល្បៈវប្បធម៌ខ្មែរជាច្រើនទៀតផងដែរ៕

ដោយ ម៉ែន ប៊ុនធីម





