ខេត្តសៀមរាបបង្ក្រាបបទល្មើសនានាថយចុះ តែករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង
AKP សៀមរាប ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦--លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះការបង្ក្រាបបទល្មើសនានាមានការថយចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង។ ហើយជាមួយគ្នានេះ លោកស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វើបទបង្ហាញដោយផ្តោតសំខាន់លើឧបករណ៍ផ្តល់ព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកើតឡើង ដើម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍ ព្រមទាំងការបោសសម្អាតបទល្មើស ហ្គេមអនឡាយ មិនឲ្យកើតមាននៅក្នុងទីតាំងភូមិសាស្រ្តខេត្តសៀមរាប ដែលធ្វើឲ្យប៉ះពាល់វិស័យទេសចរណ៍ និងអ្នកវិនិយោគ។
ការអះអាងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ប្រចាំត្រីមាសទី១ និងលើកទឹសដៅត្រីមាសទី២ ឆ្នាំ២០២៦ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃ៥កើតខែចេត្រឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ខែមិនាឆ្នាំ២០២៦ម្សិលម៉ិញ នៅសាលប្រជុំសាលាខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប និងមានសមាជិកអង្គប្រជុំដែលមកពីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួម។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) របស់រដ្ឋបាលខេត្តសៀមរាប និងបានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសទាំងឡាយឲ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈនិងទទួលខុសត្រូវខ្ពស់។ ហើយចំពោះបញ្ហាបទល្មើសល្បែងស៊ីសង ក្មេងទំនើង ចោរកម្ម គ្រឿងញៀន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឲ្យខាងតែបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានធ្វើការសាទរផងដែរ ចំពោះវិធានការរបស់គណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តសៀមរាប និង កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានមកធ្វើទេសចរណ៍នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះ និងការកសាងសមទ្ធិផលនានាទទួលបានលទ្ធផលខ្ពស់៕


ដោយ ហង្ស សៀក





