រដ្ឋបាលស្រុកជ័យសែនរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលស្រុកជ័យសែនបានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីទ្រទ្រង់ក្នុងការសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់។

ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកជ័យសែន ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ អភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កងកម្លាំង អធិការដ្ឋានស្រុក លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ឯកឧត្តម គីម រិទ្ធី បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាពដោយបានឃើញព្រះសង្ឃ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងយុវជនទាំងអស់បានចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាឱកាសនោះ។

ឯកឧត្តមបានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះគឺជាឆ្នាំទី៤ហើយដែលយើងបានរៀបចំពិធីបរិច្ចាគឈាម ដែលសកម្មភាពនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីសកម្មភាពមនុស្សធម៌ក្នុងការចែករំលែកនូវការជួយយកអាសាគ្នា សាមគ្គីភាព និងការទទួលខុសត្រូវលើជោគវាសនាសង្គមជាតិរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ៕

ដោយ ទិត ស្រ៊





