អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំឱ្យអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន
AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំឱ្យអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួននៅក្នុងឱកាសដែលលោក និងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរឃុំព្រះដំរីអញ្ជើញចុះពិនិត្យវាយតម្លៃសម្រេចនៃការធ្វើផ្លូវដែលជាថវិកាមូលនិធិឃុំកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការអភិវឌ្ឍន៍មូលដ្ឋានគឺជារឿងចាំបាច់មួយដែលឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋជាក់ស្ដែងជាពិសេសការអនុវត្តន៍នូវយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលជាការជំរុញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសក្តានុពល។ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានអំពាវនាវដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏អស្ចារ្យនេះ ដែលជាផ្លូវថ្មីជាថវិកាមូលនិធិ ជាថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានឱ្យបានជាផ្លូវល្អស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែងជាពិសេសត្រូវថែរក្សាចំណីផ្លូវនិងខិតខំនាំគ្នាដាំដើមឈើអមសងខាងផ្លូវឱ្យបានស្រស់បំព្រងដែលជាផ្នែកមួយនៃបរិស្ថាននិងសោភ័ណភាពផងដែរ។

ជាមួយគ្នានេះដែរ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានកោតសរសើរដល់លោក ឡូវ សេងហៀង ដែលជាម្ចាស់ក្រុមហ៊ុនតាំង សុខហុង ដែលមានភាពទទួលខុសត្រូវ និងសហការខ្ពស់ក្នុងការធ្វើផ្លូវថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាហើយសម្រេចបាននូវលទ្ធផល១០០% ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាននិងក្រុមជំនាញបច្ចេកទេសរបស់រដ្ឋបាលខេត្តកំពង់ធំថែមទៀត។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តថែមទៀតដល់រដ្ឋបាលឃុំព្រះដំរីត្រូវផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានដោយការទទួលខុសត្រូវជាមន្ត្រីដែលយល់សុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសពលរដ្ឋដែលងាយរងហានិភ័យគ្រួសារមានពិការភាព គ្រួសារវីរកងទ័ពនិងគ្រួសារជនភៀសសឹកនៅក្នុងមូលដ្ឋានខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក សាយ គឹមឡម និងសហការីបានអញ្ជើញចូលរួមដាំកូនឈើប្រមាណជា២៤០ដើម អមសងខាងផ្លូវបេតុងស្ថិតនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ថា ផ្លូវដែលបានកសាងជាមួយថវិកាមូលនិធិឃុំមានប្រវែង៣៥៩០ម៉ែត្រទទឹង៥ម៉ែត្រកម្រាស់គ្រួសក្រហម០,១៥ម៉ែត្រលូ៣កន្លែងចំណាយថវិកាសរុបប្រមាណជា ៣៤១.៦៩០.០០០រៀល៕
ដោយ ស៊ុម វណ្ណា





