ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី«វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ»ជូនមន្ត្រីនៃក្រុមលទ្ធកម្ម របស់មន្ទីរជំនាញ រាជធានី ខេត្ត
AKP ភ្នំពេញ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជាអនុប្រធាន និងសមាជិក នៃក្រុមលទ្ធកម្ម របស់មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ ១២០ នាក់ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមពល វៃឈ្លាស និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម និង ប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ផ្ដល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅឆ្នំា២០០៤, បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំនិងការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ជាមួយនឹងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាឆ្អឹងខ្នងនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ទន្ទឹមនេះ ក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ និង ត្រូវបានធ្វើបច្ចុប្បន្នកម្មមកជាយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០២៥-២០២៨ ក្នុងគោលបំណងប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជាទៅជា «ប្រព័ន្ធមួយដែលកាន់តែជឿទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និងសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ» សំដៅរួមចំណែកឆ្ពោះទៅសម្រេចគោលដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ផ្អែកតាមបទពិសោធកន្លងមក ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការបកស្រាយនិងការអនុវត្តរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅឃ្លាតពីក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ការពន្យារពេលអនុវត្តកិច្ចលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួននៅបន្តកើតមាន, ការផ្លាស់ប្តូរមន្ត្រីលទ្ធកម្មកើតមានញឹកញាប់នៅតាមស្ថាប័នអនុវត្តលទ្ធកម្ម, ចំណេះដឹងនិងសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មនៅមានកម្រិត, ការតាមដាននិងវាយតម្លៃលើសមត្ថភាពជំនាញរបស់មន្ត្រីលទ្ធកម្មមិនទៀងទាត់, ការគ្រប់គ្រងការអនុវត្តកិច្ចសន្យានៅមានកម្រិត, និង ចំណេះដឹងក្នុងការប្រើ FMIS មិនទាន់គ្រប់គ្រាន់ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនិងដាក់អនុវត្តបន្ថែម ជាបន្តបន្ទាប់ នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ច លើការកសាងនិងការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការកសាងនិងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំនិងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនិងវិក្រឹតការ ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ននិងមន្ទីរអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤ ។
តាមរយៈនេះ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ នាពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់មន្ទីរអភិវឌ្ឍន៍ជនបទ និង មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី នៃរាជធានីខេត្ត សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារប្រចាំថ្ងៃ និង ការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





