កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព"
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦--លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ ស្មៀន កងកម្លាំងទាំងបី និងប្រជាការពារផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានកោតសរសើរដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជន ដែលបានបន្តកិច្ចសហការ ផ្តល់ការគាំទ្រ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ក៏ដូចជាការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកាន់តែសកម្ម ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅខេត្តកំពង់ឆ្នាំងក៍ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវបានបន្តថា បច្ចុប្បន្នយើងទប់ស្កាត់បានទាន់ពេលវេលានូវការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ គ្រប់ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាពសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងករណីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ រួមទាំងការបោកប្រាស់តាមបច្ចេកវិទ្យា វាជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសាធារណៈ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម គឺជាសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។

លោកជំទាវរដ្ឋលេខាធិការបានជំរុញដល់អាជ្ញាធរអភិបាលក្រុង ស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ-ចៅសង្កាត់ ប្រជាការពារ និងមេភូមិ។ ត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឱ្យថ្នាក់ឃុំ-សង្កាត់ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង។ ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ និងបរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕
ដោយ បៃ ស៊ីថុន





